ដំណើរទស្សនកិច្ចសិក្សានៅប្រាសាទកោះកេរ Post Date: 07 August , 2022


ដំណើរទស្សនកិច្ចសិក្សានៅប្រាសាទកោះកេរ

នៅព្រឹកថ្ងៃសៅរ៍ ១០រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីនុរាជ ខេត្តបាត់ដំបង បានដឹកនាំសាស្ត្រាចារ្យ បុគ្គលិក សមណនិស្សិត និស្សិតថ្នាក់ឆ្នាំទី៤ ទាំង៥ឯកទេសរួមមាន៖ រដ្ឋបាល នីតិសាស្ត្រ គ្រប់គ្រងអប់រំ អក្សរសាស្រ្តខ្មែរ និងអក្សរសាស្ត្រអង់គ្លេស សរុបចំនួន១២២រូប (បព្វជិត ៣៣អង្គ ប្រុស ២៧នាក់ និងស្រី ៦២នាក់) ទៅទស្សនកិច្ចសិក្សានៅប្រាសាទកោះកេរ ដែលស្ថិតនៅ ភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ។

គោលបំណងនៃទស្សនកិច្ចសិក្សា៖

១. ដើម្បីឱ្យសមណបានសិក្សាអំពីបុរាណដ្ឋានដែលជាស្នាដៃដ៏អស្ចារ្យរបស់ដូនតាខ្មែរយើងដែលបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ។

២. ដើម្បីជាការចងចាំដ៏ល្អមួយសម្រាប់សមណមុននឹងបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំជាមួយគ្នានៅ ព.ស.ស.ប.ប.

៣. ដើម្បីឱ្យសមណនិស្សិត និស្សិតបានស្គាល់ពីតំបន់រមណីដ្ឋានដ៏ល្អដែលខ្មែរយើងមិនសូវបានទៅដល់

៤. ដើម្បីបង្កើននូវភាពស្និតស្នាលគ្នាកាន់តែខ្លាំងឡើងរវាងថ្នាក់ដឹកនាំពុទ្ធិកសាកលនិងសមណនិស្សិត និស្សិត និង រវាងនិស្សិតនិងនិស្សិត

៥. ដើម្បីបណ្ដុះគំនិតឱ្យសមណនិស្សិត និស្សិតស្រលាញ់មត៌កដូនតាកាន់តែខ្លាំងឡើង និងចូលរួមអភិរក្សថែរក្សានូវអ្វីដែលខ្លួនមានមកហើយ

៦. ដើម្បីលើកស្ទួយដល់វិស័យទេសចរណ៍ជាតិ

៧. ដើម្បីបានជារូបភាពសម្រាប់បណ្ដុះបណ្ដាលប្រជាជនខ្មែរដទៃទៀតឱ្យមានការសិក្សាស្វែងយល់កាន់តែខ្លាំងឡើងនូវសម្បត្តិអរិយធម៌ជាតិ

៨. ដើម្បីចូលរួមផ្សព្វផ្សាយពីតំបន់ប្រាសាទកោះកេរ

៩. ដើម្បីឱ្យសមណនិស្សិត និស្សិតយល់ជាក់លាក់ពីប្រវត្តិដែលបានសិក្សាដល់កន្លែងផ្ទាល់ ដែលមានមគ្គទេសក៍ជំនាញជួយណែនាំ

១០. ដើម្បីបង្កើនទំនាក់ទំនងកាន់តែជិតស្និតរវាងសាខាទាំងបីទីតាំងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។

នៅព្រឹកថ្ងៃអាទិត្យ ១១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ក្រុមទស្សនកិច្ចសិក្សាបានទៅដល់ទឹកដីប្រាសាទកោះកេរ ខេត្តព្រះវិហារ មុខបញ្ជាការដ្ឋានលក់សំបុត្រប្រាសាទកោះកេរ រួមនិងថ្នាក់ដឹកនាំ សាស្ត្រាចារ្យ បុគ្គលិក សមណនិស្សិត និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យពីរទីតាំងទៀត គឺទីតាំងគោល (រាជធានីភ្នំពេញ) និង សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង សរុបត្រូវជា ៣៤៤រូប ដែលមានការទទួលរាក់ទាក់ និង មគ្គទេសក៍អំពីថ្នាក់ដឹងនាំមន្ទីរទេសចរណ៍ខេត្តព្រះវិហារ រួមសហការជាមួយ លោក ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិខេត្តព្រះវិហារ រួមនិងមន្ត្រីជំនាញមួយចំនួនទៀត។

ក្រោយពីបានបែងចែកគ្នាជាបីក្រុមតាមទីតាំងនីមួយៗហើយ មគ្គទេសក៍ទេសចរបានដឹកនាំឱ្យសិក្ខាកាមទាំងឡាយឱ្យបានស្គាល់និងដឹងពីប្រវត្តិនៃប្រាសាទសំខាន់ចំនួនបីគឺ៖ ប្រាសាទ៥ ឬ ប្រាសាទហោត្រ័យ, ប្រាសាទខ្នារ និងចុងក្រោយប្រាសាទកោះកេរ (ក្នុងប្រាសាទនេះមានប្រាសាទបន្តបន្ទាប់គ្នាចំនួនប្រាំគឺ ប្រាសាទគុក, ប្រាសាទក្រហម, ប្រសាទរួម, ប្រាសាទព្រះយម, និងចុងក្រោយគឺ ប្រាសាទធំ ប្រាសាទរាជ ឬប្រាសាទប្រាង្គ)។

កិច្ចចុងក្រោយបន្ទាប់ពីបានទស្សនា និងសិក្សាអំពីបុរាណដ្ឋានប្រាសាទកោះកេររួចមក ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ បុគ្គលិក សមណនិស្សិត និស្សិត ទាំងបីទីតាំងបានមកប្រជុំគ្នានៅខាងមុខប្រាសាទធំ ឬ ប្រាសាទរាជនោះ ដើម្បីធ្វើបទនមស្ការព្រះរតនត្រៃ សូត្របទសារភញ្ញ សូត្របទពង្សាវតាខ្មែរ និងពោលសច្ចវាចាអធិដ្ឋានដល់វត្ថុសក្តិសិទ្ធទាំងឡាយដើម្បីឱ្យការស្នើរដាក់ប្រាសាទកោះកេរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកបានដោយជោគជ័យ។ ហើយនៅទីបំផុតនៃកម្មវិធី ថ្នាក់ដឹងនាំ សាស្ត្រាចារ្យ និងសិក្ខាកាមទាំងឡាយ បានថតរូបអនុស្សាវរីយ៍ជុំគ្នាទាំងបីទីតាំង និងតាមទីតាំងនីមួយៗ មុននឹងលាគ្នាត្រឡប់ទៅកន្លែងរៀងខ្លួនវិញ។

ទស្សនកិច្ចសិក្សានៅប្រាសាទកោះកេរ

សកម្មភាពសមណនិស្សិត-និស្សិតកំពុងស្ដាប់មគ្គទេសក៍ទេសចរពន្យល់នៅប្រាសាទខ្នារ (មេឃកំពុងភ្លៀង)


ទស្សនកិច្ចសិក្សានៅប្រាសាទកោះកេរ

សកម្មភាពសាស្ត្រាចារ្យ បុគ្គលិក សមណនិស្សិត-និស្សិតពោលសច្ចវាចាអធិដ្ឋានដើម្បីឱ្យការស្នើរដាក់ប្រាសាទកោះកេរចូលជាបេតិកភណ្ឌដោយជោគជ័យ


ទស្សនកិច្ចសិក្សានៅប្រាសាទកោះកេរ

សកម្មភាពសមណនិស្សិត-និស្សិតកំពុងស្ដាប់មគ្គទេសក៍ទេសចរពន្យល់នៅប្រាសាទរួម


ទស្សនកិច្ចសិក្សានៅប្រាសាទកោះកេរ

សកម្មភាពសមណនិស្សិត-និស្សិតកំពុងស្ដាប់មគ្គទេសក៍ទេសចរពន្យល់នៅប្រាសាទព្រះយម


Secure រក្សាសិទ្ធិ© គ្រប់យ៉ាងដោយ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ព.ស.២៥៦៦ គ.ស.២០២២