ប្រវត្តិសង្ខេប Post Date: 21 May , 2021


ការប្រសូត

សម្តេចព្រះមហាឃោសនន្ទ នាមដើម វ៉ា យ៉ាវ ប្រសូតនៅថ្ងៃទិ១៥កើត ពេញបូណ៌មី ខែមិគសិរ ឆ្នាំឆ្លូវ សប្តស័ក ព.ស.២៤៦៩ ត្រូវនឹង គ.ស. ១៩២៩ (បើគិតតាមព.ស. ២៤៦៩ សម្តេចប្រសូតនៅឆ្នាំ ១៩២៥) ក្នុងត្រកូលកសិករមួយនៅឃុំបារាយណ៍ ស្រុកដូនកែវ ខេត្តតាកែវ ស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។ លោកមានបិតាឈ្មោះ ចាយ (អនិច្ចកម្មតាំងពីលោកនៅកុមារ) មាតាឈ្មោះ វ៉ា ស៊ាង។ លោកជាបុត្រទោលតែម្នាក់គត់ក្នុងគ្រួសារ។

ការសិក្សា

កុមារា វ៉ា យ៉ាវ ត្រូវបានមាតាបិតាយកទៅផ្ញើនឹងព្រះសង្ឃដែលគង់នៅក្នុងវត្តបារាយណ៍ដើម្បីបានសិក្សារៀនសូត្រអក្សរ សាស្រ្ត លេខនព្វន្តពីសំណាក់ព្រះគ្រូ។ លុះអាយុបាន ១៤ ឆ្នាំ ក៏បានបួសជាសាមណេរនៅក្នងវត្តដដែល។ បន្ទាប់ពីបព្វជ្ជា ហើយ សាមណេរ វ៉ា យ៉ាវ បានសុំលោកគ្រូឧបជ្ឈាយ៍ទៅគង់នៅវត្តអង្គមេត្រី ជាវត្តព្រះមេគណស្ថិតនៅក្នុងខេត្តតាកែវ ដើម្បីសិក្សាភាសាបាលី។ បន្ទាប់ពីប្រឡងជាប់ថ្នាក់បាលីរងហើយ លោកបាននិមន្តទៅបន្តការសិក្សានៅវត្តកែវព្រះភ្លើង នៅទីក្រុងភ្នំពេញ ដើម្បីបន្តថ្នាក់ពុទ្ធិកវិទ្យាល័យ។ លោកបានបំពេញឧបសម្បទាជាភិក្ខុភាវៈនៅឆ្នាំ១៩៥០ ដែលមានសម្តេចព្រះសង្ឃរាជ ជួន ណាត ជាព្រះឧបជ្ឈាយ៍ និង មាននាមប្បញ្ញតិ្តថា ឃោសានន្ទ ។ បន្ទាប់ពីបញ្ចប់ថ្នាក់ពុទ្ធិកវិទ្យាល័យហើយ នៅក្នុងឆ្នាំ១៩៥៣ ព្រះអង្គបាននិមន្តទៅសិក្សានៅសាកលវិទ្យាល័យនាលន្ទា ក្នុងប្រទេសឥណ្ឌារហូតចប់ថ្នាក់បណ្ឌិត ដែលគិតជាឆ្នាំគឺរយៈពេល១៥ឆ្នាំគត់។ ក្រៅពីការសិក្សានៅសាកលវិទ្យាល័យ ព្រះមហាឃោសានន្ទបានសិក្សាពីគោលការណ៍សន្តិភាព និង អហិង្សា ជាមួយនឹងព្រះសង្ឃជនជាតិជប៉ុន ព្រះនាម នីជីដាត្ស៊ូ ហ្វូជី ជាព្រះសង្ឃដែលគាំទ្រចលនារបស់មហាត្មៈគន្ធី។ បន្ទាប់ពីព្រះអង្គបានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យនាលន្ទា នៅឆ្នាំ១៩៦៩ ព្រះអង្គបាននិមន្តទៅបន្តការ សិក្សាផ្នែកវិស្សនាធុរៈក្នុងវិបស្សនាចារ្យជាតិថៃដ៏ល្បីមួយអង្គ ព្រះនាមធម្មធរោ នៅវត្តជយនា ខេត្តនខនស្រ៊ីធម្មរាជ ប្រទេសថៃភាគខាងត្បូង។

ការនិមន្តចូលទៅក្នុងសមរភូមិ

ព្រះមហាឃោសានន្ទ បាននិមន្តមកជួបក្រុមជនភៀសខ្លួនខ្មែរជាលើកដំបូងនៅខេត្តស្រះកែវព្រំដែនថៃខ្មែរនៅឆ្នាំ១៩៧៨។ ១ឆ្នាំក្រោយម ព្រះអង្គបានបង្កើតវត្តជាច្រើននៅតាមជុំរំ និង បានបំបួសព្រះសង្ឃថ្មីៗជាច្រើនទោះបីព្រះអង្គប្រឈមមុខជា មួយបទបញ្ជាររបស់យោធាថៃយ៉ាងណាក៏ដោយ។
នៅចុងឆ្នាំ១៩៨០ ព្រះអង្គបាននិមន្តទៅសហរដ្ឋអាមេរិកហើយបានកសាងវត្តខ្មែរមួយនៅទីនោះ។ ឆ្នាំ១៩៨៣ ព្រះអង្គបាននិមន្តទៅកាន់ទីក្រុងរ៉ូម ជួបជាមួយសម្តេចប៉ូបចនប៉ូលទីពីរ ជាលើកដំបូង ដើម្បីភាក្សាពីការកសាង សន្តិភាពពិភពលោកដោយឈរលើមូលដ្ឋានសាសនា។
ឆ្នាំ១៩៨៦ សម្តេចប៉ាបចនប៉ូលទី២ និមន្តព្រះអង្គចូលរួមនៅក្នុងទិវាបួងសួងសុំសន្តិភាពនៅ RGC ជាមួយអ្នកដឹកនាំសាសនាពិភពលោកឯទៀតៗ និង ធ្វើជារៀងរាល់ឆ្នាំបន្តមក។
ឆ្នាំ១៩៨៨ បានដឹកនាំប្រតិភូសង្ឃទៅចូលរួមនៅក្នុងការប្រជុំចរចារកសន្តិភាពសម្រាប់ប្រទេសកម្ពុជា គាំទ្រដោយអង្គការសហប្រជាជាតិ។
១៩៨៩ ទទួលសញ្ញបត្រកិត្តិយសលើផ្នែកសេវាកម្មមនុស្សធម៌ពីសាកលវិទ្យាល័យប្រូវីដែន្ស ទីក្រុងប្រូវីដែន្ស រដ្ឋរ៉ូតអាយឡែនត៍ សហរដ្ឋអាមេរិក។
១៩៩១ ទទួលតំណែងងារជាសម្តេច ដែលតែងតាំងឡើងដោយសម្តេចព្រះនរោត្តមសីហនុនៅទីក្រុងភ្នំពេញ និង ទទួលងារជាសម្តេចសង្ឃសន្តិភាពនៅប្រទេសកម្ពុជា។
១៩៩១ បានដឹកនាំការធ្វើធម្មយាត្រាដើម្បីសន្តិភាព និង ការផ្សះផ្សាលើកទី១ ចេញពីជំរំជនភៀសខ្លួនក្នុងប្រទេសថៃ ចូលមកទីក្រុងភ្នំពេញមុនការគ្រប់គ្រងរបស់ពួកអ៊ុន តាក់ នៅប្រទេសកម្ពុជា។
១៩៩១ បានបោះពុម្ពសៀវភៅ “មួយជំហានម្តង” ជាភាសាខ្មែរ អង់គ្លេស ថៃ អេស្ប៉ាញ ជប៉ុន អាល្លឺម៉ង់ និង ប៉ទុយហ្គាល់....។
ឆ្នាំ១៩៩២ បានទទួលពានរង្វាន់ផ្នែកសិទ្ធិមនុស្សពីមូលនិធិ Rafto នៅក្រុង Brgen ប្រទេសន័រវ៉ែស។
ឆ្នាំ១៩៩៣ ដឹកនាំធម្មយាត្រាលើកទី២ ចេញពីអង្គរវត្ត ខេត្តសៀមរាប មកកាន់រាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៦ កាត់តំបន់មានសង្គ្រាម ដើម្បីកាត់បន្ថយការភ័យខ្លាចនិងលើកទឹកចិត្តពលរដ្ឋក្នុងការចូលរួមបោះឆ្នោតជាតិ។
ឆ្នាំ១៩៩៣ ទទួលតំណែងប្រធានកិត្តិយសនៃអង្គការសហពន្ធពន្លឺខ្មែរ និង ជាក្រុមប្រឹក្សាផ្តល់យោបល់ពលរដ្ឋ ដល់សភាធម្មនុញ្ញកម្ពុជាក្នុងការតាក់តែងពង្រាងរដ្ឋធម្មនុញ្ញ។
ឆ្នាំ១៩៩៣ និមន្តចូលរួមក្នុងសន្និសីទសាសនាពិភពលោកនៅទីក្រុងស៊ីហ្គាហ្គោ។
ឆ្នាំ១៩៩៤ និមន្តចូលរួមក្នុងពិធីសូត្រធម៌បើកធម្មយាត្រាអន្តរសាសនាដើម្បីសន្តិភាព និង ជីវិត នៅទីក្រុង Auschwitz ប្រទេសប៉ូឡូញ។
១៩៩៤ ដឹកនាំធម្មយាត្រាលើកទី៣ ឆ្លងកាត់តាមបណ្តាខេត្តដែលមានសង្គ្រាមក្តៅនៅភាគខាងលិចប្រទេសកម្ពុជា។
១៩៩៤ ដឹកនាំគណៈប្រតិភូព្រះសង្ឃជាន់ខ្ពស់កម្ពុជា ចូលរួមប្រជុំចរចាដើម្បីសន្តិភាព នៅទីក្រុងព្យុងយ៉ាង ប្រទេសកូរេខាងជើង ក្រោមព្រះរាជូបត្ថម្ភសម្តេចព្រះនរោត្តមសីហនុ និង ចូលរួមក្នុងកិច្ចចរចាលើកទី២នៅទីក្រុងភ្នំពេញ។
១៩៩៤ ដឹកនាំគណៈប្រតិភូអន្តរសាសនា ចូលរួមប្រជុំចរចាសន្តិភាពនៅទីក្រុងកូឡុំបូ ប្រទេសសិរីលង្កា ដើម្បីស្វែងរកការបញ្ចប់សង្គ្រាមស៊ីវីលរ៉ាំរ៉ៃរបស់ប្រទេសនោះ។
១៩៩៤ ត្រូវបានស្នើជ្រើសតាំងជាបេក្ខជនសម្រាប់រង្វាន់ណូបែលសន្តិភាព ដោយលោក Claiborn Pell តំណាងសមាជិកព្រឹទ្ធសភា ទទួលបន្ទុកប្រធានគណៈកម្មការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក។
១៩៩៥ ត្រូវបានជ្រើសតាំងជាបេក្ខជន រង្វាន់ណូលបែលសន្តិភាពលើកទី២សម្រាប់ឆ្នាំ១៩៩៥ ដែលស្នើដោយសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិករូបដដែល។ ខែមករា ព្រះអង្គបូជាព្រះកាយចំពោះមជ្ឈមណ្ឌលជន ពិការកម្ពុជា នៅភ្នំពេញ។ ខែកុម្ភៈ និមន្តចូលរួមសន្និសីទអន្តរជាតិ នៅអាស្រមវង្សសានីត ខេត្តខនាយក ប្រទេសថៃ។ ខែមីនា និមន្តចូលរួមទិវាសិទ្ធិនារីអន្តរជាតិ នៅក្រុងបាត់ដំបង។ ខែមីនា និមន្តចូលរួមប្រជុំស្តីពីការផ្តល់នូវពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធបរមគ្រូដល់ប្រទេសអាស៊ីខាងលិច នៅធម្មសាលា ប្រទេសឥណ្ឌា។
ខែមេសា និមន្តចូលរួមប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អន្តរជាតិ ស្តីពីសាសនា ការអប់រំ និង វប្បធម៌ នៅទីក្រុងអាតាមី ប្រទេសជប៉ុន។
ខែមេសា និមន្តចូលរួមប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អន្តរជាតិ ស្តីពីសាសនា ការអប់រំ និង វប្បធម៌ នៅវិមាន វីនដរ ខាសល ប្រទេសអង់គ្លេស។
ខែឧសភា និមន្តចូលរួមសន្និសីទដូនជី និង ស្រ្តីកម្ពុជា នៅព្រែកហូរ ទីក្រុងតាខ្មៅ។
ខែឧសភា និង មិថុនា ដឹកនាំក្បួនធម្មយាត្រាដើម្បីសន្តិភាពចេញពីព្រំដែនថៃ ទៅកាន់ខេត្តស្វាយរៀង ព្រំដែន ប្រទេសវៀតណាម។ អំពាវនាវឱ្យមានការចរចាសន្តិភាពជាបន្ត និង អំពាវនាវឱ្យមានអនុក្រឹត្យហាមឃាត់ការ ប្រើប្រាស់គ្រឿងផ្ទុះគ្រប់យ៉ាង នៅប្រទេសកម្ពុជា។
ខែកញ្ញា ចូលរួមប្រជុំក្រុមប្រឹក្សាសន្តិភាព នៅប្រទេសអង់គ្លេស។ ដឹកនាំទិវាអន្តរជាតិដើម្បីសន្តិភាព និង អំពាវនាវការហាមប្រាមការប្រើប្រាស់គ្រាប់មីន។
ខែតុលា និមន្តចូលរួមសន្និសីទអង្គការសហប្រជាជាតិស្តីពីការពិនិត្យមើលឡើងវិញ នូវអនុសញ្ញាស្តីពីការប្រើ ប្រាស់គ្រឿងសព្វាវុធ។
ខែវិច្ឆិកា និមន្តចូលរួមប្រជុំក្រុមស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពនៅវិមាន វីនដរ ខាសល ប្រទេសអង់គ្លេស ក្នុងនោះសមាជិកខ្លះជាជ័យលាភីរង្វាន់ណូបែលសន្តិភាព និង ជាតំណាងជាន់ខ្ពស់នៃសាសនាសំខាន់ៗក្នុងលោក។
ឆ្នាំ១៩៩៦ ត្រូវបានជ្រើសតាំងជាលើកទី៣ ជាបេក្ខជនរង្វាន់ណូបែលសន្តិភាពសម្រាប់ឆ្នាំ១៩៩៦ ដោយគណៈកម្មការសេវាកម្មមិត្តអាមេរិក (ក្នុងចំណោមអ្នកទទួលរង្វាន់ណូបែលសន្តិភាព ឆ្នាំ១៩៩៧)។
ខែកុម្ភៈ ដឹកនាំធម្មយាត្រានៅទីក្រុងភ្នំពេញ មួយសប្តាហ៍ប្រឆាំងការប្រើប្រាស់គ្រាប់មីន។
ខែមេសា ចូលរួមសន្និសីទអង្គការសហប្រជាជាតិនៅក្រុងហ្សឺណែវ ស្តីពីការពិនិត្យឡើងវិញនូវអនុសញ្ញាការប្រើប្រាស់អាវុធ និង អំពាវនាវឱ្យឈប់ប្រើប្រាស់ទាំងស្រុងនូវគ្រាប់មីន។
ខែមិថុនា ដឹកនាំធម្មយាត្រាលើកទី៥ ដើម្បីសន្តិភាពនិងការផ្សះផ្សាជាតិនៅប្រទេសកម្ពុជា ផ្តោតលើការកាប់បំផ្លាញព្រៃឈើ។
ខែកក្កដា និមន្តជាតំណាងព្រះពុទ្ធសាសនាថេរវាទប្រជុំនៅ Gethsemane រវាងបព្វជិតគ្រីស្ទ និង ព្រះពុទ្ធសាសនាក្រុង Abbey សហរដ្ឋអាមេរិក។
ខែកញ្ញា ជួប្រជុំជាមួយលោកស្រី អង់សានស៊ូជី និង គណៈសង្ឃជាន់ខ្ពស់ភូមា នៅប្រទេសភូមា ដើម្បីជួយសម្រាលការឃុំខ្លួន សមាជិកជ័យលាភីរង្វាន់ណូបែល។
ខែតុលា ដឹកនាំគណៈប្រតិភូសង្ឃចូលរួមប្រជុំវេទិកាពិភពលោកនៅទីក្រុងសាន់ហ្រា្វន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
ខែវិច្ឆិកា ជួបប្រមុខសាសនាកាតូលិក Ruiz និងសមាជិកនានានៃក្រុម Zapatistas នៅក្នុងទីក្រុង Chiapas ប្រទេសមិកស៊ិក ក្នុងឋានៈជាសមាជិកក្រុមប្រឹក្សាសន្តិភាព។
ខែធ្នូ ជួបជាមួយមេដឹកនាំខ្មែរក្រហម ដើម្បីកិច្ចសម្របសម្រួលផ្លូវធ្វើធម្មយាត្រាក្នុងឆ្នាំ១៩៩៧ ដើម្បីសន្តិភាព និង ការផ្សះផ្សាជាតិ។
ខែធ្នូ ធ្វើជាអធិបតីក្នុងសន្និសីទស្តីពីព្រះពុទ្ធសាសនា និង សន្តិភាពនៅខេត្តបាត់ដំបង រៀបចំដោយអង្គារពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍។
ឆ្នាំ១៩៩៧ ត្រូវបានជ្រើសតាំងជាលើកទី៤ ដោយអតីតជ័យលាភីរង្វាន់ណូបែលសន្តិភាព សម្រាប់បេក្ខភាពណូបែលឆ្នាំ១៩៩៧។
ខែមីនា និង មេសា ដឹកនាំធម្មយាត្រាលើកទី៦ ទៅកាន់តំបន់ប៉ៃលិន ជាតំបន់កាន់កាប់ដោយខ្មែរក្រហម។
ខែឧសភា ជួបសម្តេចសង្ឃដាឡៃឡាម៉ា ជាសម្តេចជាន់ខ្ពស់ទីបេ ហើយត្រូវបានសម្តេចដាឡៃឡាម៉ាស្នើសុំឱ្យ ធ្វើជាសហគណៈដឹកនាំសេវាកម្មសាកលនៃប្រទេសទីបេ។ សម្តេចបានចូលរួមប្រជុំនៅវិហារប្រមុខនៃសាសនាកាតូលិក នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក។
ខែមិថុនា និមន្តចូលរួមជាអធិបតីនៅក្នុងសន្និសីទបណ្តាញអន្តរជាតិព្រះពុទ្ធសាសនានៅខេត្តចន្ទបុរីប្រទេសថៃ។
ខែសីហា ដឹកនាំក្បួនធម្មយាត្រាដើម្បីសូត្របួងសួងផ្សាយមេត្តាបញ្ចប់នូវអំពើហិង្សាដែលផ្ទុះឡើងនៅទីក្រុង ភ្នំពេញនាថ្ងៃទី៥-៦ កក្កដា ១៩៩៧។ បន្ទាប់មកសម្តេចបាននិមន្តទៅកាន់ប្រទេសសិរីលង្កា ដើម្បីទទួលរង្វាន់សន្តិភាពពីអង្គការ Sarvodara។

 



Secure រក្សាសិទ្ធិ© គ្រប់យ៉ាងដោយ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ព.ស.២៥៦៦ គ.ស.២០២២