SBUBB

សាវតារ

១. ដំណើរដើមទងនិងប្រវត្តិសង្ខេប

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គឺជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយក្នុងការបណ្តុះបណ្តាលវិស័យពុទ្ធិកសិក្សានៅកម្ពុជា។ ឫសគល់នៃសាកលវិទ្យាល័យនេះ បានចាប់ផ្តើមឡើងនៅក្នុងឆ្នាំ១៩៥៣ ក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ សម្តេចព្រះនរោត្តម សីហនុ ដែលទ្រង់បានសព្វព្រះរាជហឫទ័យបង្កើត «ពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ» តាមព្រះរាជក្រមលេខ ៨៧៩ នស ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៥៤។ ស្ថិតក្រោមការដឹកនាំផ្ទាល់របស់ សម្តេចព្រះពោធិវ័ង្ស ហួត តាត គ្រឹះស្ថាននេះបានបើកទ្វារអប់រំបណ្តុះបណ្តាលសមណនិស្សិត និងនិស្សិតលើឯកទេសទស្សនវិជ្ជា ពុទ្ធសាសនា និង ភាសាបាលី អស់  រយៈពេល២១ឆ្នាំ មុននឹងត្រូវបង្ខំចិត្តបិទទ្វារទៅវិញទាំងស្រុងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-១៩៧៩) ដូចគ្រឹះស្ថានអប់រំនានារបស់រដ្ឋដែរ។

ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ វិស័យពុទ្ធិកសិក្សាត្រូវបានស្តារឡើងវិញជាបណ្តើរៗ។ ជាថ្មីម្តងទៀត នៅឆ្នាំ១៩៩៧ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជឡើងវិញ តាមរយៈលិខិតលេខ ២១ សជណ.ផក ចុះថ្ងៃទី១០ ខែកករា ឆ្នាំ១៩៩៧ ដោយដំបូងឡើយផ្ដោតលើការបណ្ដុះបណ្ដាលត្រឹមកម្រិតពុទ្ធិកមធ្យមសិក្សាទុតិយភូមិ (វិទ្យាល័យ) ប៉ុណ្ណោះ។

១.១. របត់នៃការរីកចម្រើននិងការវិវត្តទៅជាពុទ្ធិកសាកលវិទ្យាល័យ

ដោយសារតម្រូវការចំណេះដឹងកាន់តែរីកដុះដាល វិស័យអប់រំនៅទីនេះបានបោះជំហានទៅមុខជាបន្តបន្ទាប់៖

  • ឆ្នាំ២០០០៖ គ្រឹះស្ថានបានដំឡើងកម្រិតបណ្តុះបណ្តាលរហូតដល់ថ្នាក់បរិញ្ញាបត្រ លើឯកទេសទស្សនវិជ្ជាពុទ្ធសាសនា។
  • ឆ្នាំ២០០៣៖ បង្កើតបន្ថែមនូវ  «ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងព័ត៌មានវិទ្យា» តាមប្រកាសលេខ ៦១ ក.ធ.ស.ប្រ របស់ក្រសួងធម្មការ និងសាសនា។
  • ឆ្នាំ២០០៦៖ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងការជម្រុញសមត្ថភាពព្រះសង្ឃថេរវាទឱ្យមានគុណភាពទាំងផ្លូវលោកនិងផ្លូវធម៌ ពុទ្ធិកមហាវិទ្យាល័យត្រូវបានប្រែក្លាយទៅជា «ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ» តាមអនុក្រឹត្យលេខ ០៥ អនក្រ.បក ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០០៦។

បច្ចុប្បន្ន សាកលវិទ្យាល័យមានរចនាសម្ព័ន្ធបណ្តុះបណ្តាលយ៉ាងទូលំទូលាយ រួមមាន ៤ មហាវិទ្យាល័យ (ចែកចេញជា ៩ ឯកទេស) និងមជ្ឈមណ្ឌលគរុកោសល្យ ១ ដូចជា៖

​         ១. ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា និងសាសនា៖ ឯកទេសទស្សនវិជ្ជាពុទ្ធសាសនា, សង្គមវិជ្ជា និងនីតិសាស្ត្រ។

         ២. ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងព័ត៌មានវិទ្យា៖ ឯកទេសរដ្ឋបាលអប់រំ និងគ្រប់គ្រងទូទៅ។

         ៣. ពុទ្ធិកមហាវិទ្យាល័យអក្សរសាស្ត្រ៖ ឯកទេសអក្សរសាស្ត្រខ្មែរ និងបរិស្ថានវិទ្យា។

         ៤. ពុទ្ធិកមហាវិទ្យាល័យបាលី-សំស្រ្កឹត និងភាសាបរទេស៖ ឯកទេសភាសាបាលី-សំស្រ្កឹត និងភាសាអង់គ្លេស។

         ៥. ពុទ្ធិកមជ្ឈមណ្ឌលគរុកោសល្យ៖ បណ្តុះបណ្តាលគ្រូកម្រិតបឋម, មធ្យម និងឧត្តម។

ដើម្បីឆ្លើយតបនឹងចំនួនសមណនិស្សិត និងនិស្សិតដែលកើនឡើងជាលំដាប់ នៅឆ្នាំ២០០៨ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជបានពង្រីកសាខារបស់ខ្លួនទៅតាមបណ្តាខេត្តនានាចំនួន៣ឺ៖

សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង និង សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ចាម។ លុះក្រោយមក ​   ខាងខេត្តកំពង់ចាម បានស្នើសុំផ្តាច់ខ្លួនចេញពីពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ហើយបានប្រែក្លាយខ្លួនទៅជាពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០១១។

បន្ទាប់ពីដំណើរការថ្នាក់បរិញ្ញាបត្រទទួលបានលទ្ធផលប្រសើរ នៅឆ្នាំ២០១២ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជក៏បានបើកថ្នាក់ក្រោយបរិញ្ញាបត្រ ដោយបង្រៀនលើឯកទេសចំនួន៥ គឺ ទស្សនវិជ្ជា         អក្សរសាស្ត្រខ្មែរ គ្រប់គ្រងអប់រំ បាលីសំស្រ្កឹត និងនីតិសាស្ត្រ។

២. សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង

សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង (ព.ស.ស.ប.ប) ត្រូវបានបង្កើតឡើងដោយប្រកាសលេខ ១៧៥ អយក.ប្រក ចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០០៨ ដើម្បីផ្តល់ឱកាសអប់រំកម្រិតឧត្តមសិក្សាដល់សមណនិស្សិត និងនិស្សិតនៅភាគពាយព្យនៃប្រទេស។

២.១.ដំណើរដំបូងនិងការរីកចម្រើនឡើង

ព.ស.ស.ប.ប បានចាប់ផ្តើមដំណើរការបង្រៀនជាលើកដំបូងបំផុតនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០០៨ នៅក្នុងវត្តពោធិ៍វាល ឃុំរតនៈ ស្រុកបាត់ដំបង ខេត្តបាត់ដំបង​ (អាសយដ្ឋាននាពេលនោះ)។ នៅក្នុងដំណាក់ កាលកសាងដំបូង ព.ស.ស.ប.ប បានខ្ចីបន្ទប់រៀនចំនួន ២ បន្ទប់ពីពុទ្ធិកវិទ្យាល័យអ៊ឹង ធួង និងបានស្នើសុំប្រើប្រាស់ជាន់ខាងក្រោមនៃទីចាត់ការសាលាអនុគណស្រុកបាត់ដំបង ធ្វើជាការិយាល័យ និងបណ្ណា-  ល័យ។ នៅក្នុងឆ្នាំសិក្សាដំបូងនោះ មានសមណនិស្សិត និងនិស្សិតសរុបចំនួន ៨៧ រូប (ព្រះសង្ឃ ៧៧ អង្គ, និស្សិតស្រី ៥ នាក់ និងប្រុស ៥ នាក់) ដោយសិក្សាលើឯកទេសតែមួយគត់គឺ ទស្សនវិជ្ជា។

ឈានចូលដល់ឆ្នាំទី២ នាបវេសនកាលថ្មីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០០៩ សាកលវិទ្យាល័យបានផ្លាស់ប្តូរទីតាំងទៅកាន់វត្តដំរីស (ភូមិកម្មករ ឃុំស្វាយប៉ោ) ដោយបានកែប្រែអគារសិក្សាចាស់ ៩ បន្ទប់នៃអតីតអនុវិទ្យាល័យវត្តដំរីស ធ្វើជាបន្ទប់រៀន បណ្ណាល័យ និងការិយាល័យធ្វើការ។ ឱកាសមាសបានមកដល់ នៅពេលដែលសាកលវិទ្យាល័យទទួលបានការឧបត្ថម្ភដ៏ថ្លៃថ្លាពី សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ក្នុងការសាងសង់អគារសិក្សាថ្មីមួយខ្នង កម្ពស់២ជាន់ មាន១០បន្ទប់ និងសាលប្រជុំ១ ដោយមាន ឯកឧត្តម ប្រាជ្ញ ច័ន្ទ (អតីតអភិបាលខេត្តបាត់ដំបង) និងលោកជំទាវ ជាអ្នកដឹកនាំទទួលខុសត្រូវលើការសាងសង់។

ដើម្បីពង្រីកសក្តានុពលបន្ថែម នៅឆ្នាំ២០១២ គណៈគ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យបានកសាងអគារទីចាត់ការ និងបណ្ណាល័យថ្មីស្រឡាងមួយខ្នង សង់ពីឥដ្ឋបេតុងប្រកក្បឿង កម្ពស់ ១៦ ម៉ែត្រ (២ជាន់) មានទំហំ ២៨ ម៉ែត្រ x ១៨ ម៉ែត្រ។ អគារដ៏ស្កឹមស្កៃនេះត្រូវបានបញ្ចប់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ២០១៥ ដោយចំណាយថវិកាសរុបចំនួន ២៨៦,៨៤៦,៣៧៥ រៀល និង ១២៤,៩៥១ ដុល្លារអាមេរិក។

លុះក្រោយមកទៀត តាមរយៈការណែនាំដ៏ខ្ពង់ខ្ពស់របស់ ព្រះមហារិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ចម្រើនពរជូនដល់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ (អតីតទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា) និង លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ ឱ្យបានជ្រាបយល់អំពីដំណើរការរបស់ ព.ស.ស.ប.ប លោកទាំងទ្វេក៏បានអញ្ជើញមកទស្សនកិច្ចផ្ទាល់។ ក្នុងឱកាសនោះ ដោយមានសទ្ធាជ្រះថ្លាយ៉ាងមុតមាំចំពោះវិស័យពុទ្ធិកអប់រំ ឯកឧត្តមបណ្ឌិត និងលោកជំទាវ បានសម្រេចចិត្តចូលរួមឧបត្ថម្ភកសាងសមិទ្ធផលនានាជាបន្តបន្ទាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលរួមមាន៖ អគារ   សិក្សាសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត អគារអាហារដ្ឋាន អគារស្នាក់នៅសម្រាប់គ្រូបង្រៀន និងអន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រី។ ក្រៅពីសមិទ្ធផលរូបវន្តទាំងនេះ លោកទាំងពីរក៏បានជួយឧបត្ថម្ភ    គាំទ្រជាសម្ភារៈ និងថវិកាយ៉ាងច្រើនមិនដាច់ ដើម្បីបម្រើដល់ដំណើរការបណ្តុះបណ្តាល និងការគ្រប់គ្រងទូទៅនៅ ព.ស.ស.ប.ប ឱ្យកាន់តែមានភាពរលូន មានប្រសិទ្ធភាព និងរីកចម្រើនមកទល់បច្ចុប្បន្ន។
នេះមិនមែនគ្រាន់តែជាការបរិច្ចាគទ្រព្យធននោះទេ ប៉ុន្តែវាគឺជាការវិនិយោគលើ «ពុទ្ធិ» និង «អនាគត» របស់សមណនិស្សិត និងនិស្សិតខ្មែររាប់ម៉ឺននាក់ ដែលនឹងក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ជាតិសាសនាទៅថ្ងៃអនាគត។

 

 

ភុំឈន់​ តុលា 2026-06-17