ប្រវត្តិព្រះមុនីកោសល បណ្ឌិត យ៉ន សេងយៀត​ Post Date: 01 December , 2022


ប្រវត្តិសង្ខេបព្រះមុនីកោសល បណ្ឌិត យ៉ន សេងយៀត

          ព្រះមុនីកោសល បណ្ឌិត យ៉ន សេងយៀត (សីលសំវរោ) រាជាគណៈថ្នាក់ទោ ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ ព្រះបាឡាត់គណរាជធានីភ្នំពេញ សាកលវិទ្យាធិការងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាទីប្រឹក្សាផ្ទាល់សម្ដេចព្រះសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះសង្ឃខ្មែរទី១ បានបញ្ចប់ថ្នាក់ក្រោយបណ្ឌិតនៅសាកលវិទ្យាល័យហាវើដ (Harvard) នៅលើទឹកដីសហរដ្ឋអាមេរិក ក្រោយពីការតស៊ូសិក្សាអស់រយៈពេលជាង ៣ឆ្នាំ។

          ព្រះមុនីកោសល បណ្ឌិត យ៉ន សេងយៀត (សីលសំវរោ) ប្រសូតក្នុងគ្រួសារកសិករមួយ នៅភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង មានបងប្អូនបង្កើតចំនួន ៥នាក់ ព្រះអង្គជាកូនទី២ នៃគ្រួសារ។

          ព្រះមុនីកោសលបណ្ឌិត បានសាងផ្នួស និង សិក្សាក្នុងជំរំជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ១៩៩១ ហើយបានបន្តការសិក្សានៅសាលាជាដំបូងនាសាលាបឋមសិក្សា ដែលមានគ្រូឧទ្ទេសាចារ្យ ប្រាក់ ឃុន ជាអ្នកបង្ហាត់បង្រៀនផ្ទាល់។ ក្រោយមកព្រះអង្គក៏និមន្តបន្តការសិក្សានៅសាលាពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង ទាំងនេះជាទីកន្លែងដែលព្រះអង្គមានឱកាសរៀនសូត្រនូវធម៌វិន័យ ភាសាបាលី និង ភាសាអង់គ្លេស។

          នៅក្នុងឆ្នាំ២០០៣ ព្រះអង្គបាននិមន្តចាកចេញពីប្រទេសកំណើតដើម្បីទៅបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា (បរិញ្ញាបត្រ) ឯកទេសផ្នែកទស្សនវិជ្ជា នៅសាកលវិទ្យាល័យពុទ្ធសាសនា-បាលីភាសា (Buddhist and Pali University of Sri Lanka) ថ្នាក់ក្រោយឧត្តមសិក្សា (អនុបណ្ឌិត) ផ្នែកទស្សនវិជ្ជានៅសាកលវិទ្យាល័យកល្យាណីយ៍ (University of Kelaniya) និងសញ្ញាបត្រទំនាក់ទំនងអន្តរជាតិ ចេញពីមជ្ឈមណ្ឌល Badaranaike Center for International Studies (BCIS) ទីក្រុងកូឡុមប៊ូ (Colombo) អស់រយៈពេលជាង៦ឆ្នាំនាប្រទេសស្រីលង្កា រួចក៏និមន្តត្រឡប់មកមាតុប្រទេសវិញ។ ដោយជីវិតជាបព្វជិតក្នុងពុទ្ធចក្រជាង៣០ឆ្នាំមកនេះ ព្រះអង្គតែងលះបង់នូវកម្លាំងកាយ កម្លាំងចិត្ត ដើម្បីរួមចំណែកលើកកម្ពស់ព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា។

             ក្នុងកិច្ចការសាសនា និង សង្គមជាតិ ព្រះបណ្ឌិត យ៉ន សេងយៀត តែងទទួលបានការកោតសរសើរអំពីសំណាក់ព្រះសង្ឃ ពុទ្ធបរិស័ទគ្រប់ទិសទី និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទៀតផង។ ព្រះបណ្ឌិតក៏ទទួលបានតួនាទី និងកិច្ចការសំខាន់ជាច្រើនរហូតមកទាល់ពេលឥឡូវនេះមានដូចជា៖

  • ប្រធានពុទ្ធិកសមាគមសមណនិស្សិតខ្មែរ នៅប្រទេសស្រីលង្កា (២០០៣-២០០៦)
  • សាស្ត្រាចារ្យពុទ្ធិកឧត្តមសិក្សាទស្សនវិជ្ជានៃក្រសួងធម្មការ និង សាសនា (២០០៨)
  • សាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ (២០០៦-បច្ចុប្បន្ន)
  • ព្រឹទ្ធបុរសរងភាសាអង់គ្លេសនៃសាកលវិទ្យល័យបញ្ញាសាស្ត្រកម្ពុជា (២០១៣-បច្ចុប្បន្ន)
  • សញ្ញាបត្រកម្រិតឧត្តមនៅសាលាភូមិន្ទរដ្ឋបាល​ និង បណ្ឌិតវិទ្យាសាស្ត្រនយោបាយនៅរាជបណ្ឌិតសភាកម្ពុជា (២០១០-២០១៤)
  • នៅថ្ងៃទី០១ ខែធ្នូ ព.ស.២៥៦៥ ឆ្នាំ២០២២ ព្រះបណ្ឌិត បានទទួលភារកិច្ចជាអ្នកគ្រប់គ្រង និង ដឹកនាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

      ក្រៅពីតួនាទីក្នុងវិស័យអប់រំ ព្រះអង្គនៅមានតួនាទីជា អគ្គលេខាក្រុមប្រឹក្សាអន្តរសាសនា ជាសមាជិកប្រវត្តិនៃក្រុមប្រឹក្សាសាសនាពិភពលោកដើម្បីសន្ដិភាព ទទួលបន្ទុកផ្នែកបរិស្ថាន នាបុរីញ៉ូយ៉ក សហរដ្ឋអាមេរិក លេខាផ្ទាល់បកប្រែភាសាថ្វាយសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ពេទ វង្ស សម្ដេចព្រះសង្ឃរាជ និងជាប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ ព្រះបាឡាត់គណរាជាធានីភ្នំពេញ ។ល។

​      ព្រះបណ្ឌិត យ៉ន សេងយៀត បាននិមន្តចូលរួមក្នុងកិច្ចប្រតិបត្តិការសាសនាសន្និសីទអន្តរជាតិជាច្រើនប្រទេសនៅទូទាំងពិភពលោក ជាបេក្ខជនខ្មែរតែមួយអង្គគត់ទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិត (Postdoctoral research Fellowship) នៅដើមខែតុលា ឆ្នាំ២០១៦។ ព្រះអង្គក៏និមន្តចាកចេញពីប្រទេសខ្មែរម្ដងទៀតទៅសហរដ្ឋអាមេរិក បន្តការសិក្សាសា្រវជ្រាវថ្នាក់ក្រោយបណ្ឌិតនៅសាកលវិទ្យល័យ Harvard ។ ស្ថិតនៅទីនោះ ព្រះអង្គបានស្រាវជ្រាវអំពីទស្សនវិជ្ជាពុទ្ធសាសនារយៈពេលមួយឆ្នាំ ដោយផ្ដោតលើតួនាទីព្រះសង្ឃក្នុងការរក្សាសន្ដិភាពនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ មកដល់សព្វថ្ងៃ។

    ដោយការព្យាយាមសិក្សាស្រាវជ្រាវទាំងយប់ទាំងថ្ងៃក្នុងវិស័យពុទ្ធចក្រ តាំងពីកុមារភាពមក ធ្វើឱ្យព្រះមុនីកោសល មានសមត្ថភាព ចំណេះដឹង ជំនាញផ្នែកកិច្ចការសិក្សាអប់រំព្រះសង្ឃកម្រិតឧត្តមសិក្សានៃក្រសួងធម្មការ និង សាសនា។ ព្រះបណ្ឌិតមានសង្ឃដីកាថា “វាពុំមែនជាការចៃដន្យឡើយដែលព្រះសង្ឃខ្មែរយើង មានឱកាសទៅបន្តការសិក្សាថ្នាក់ក្រោយបណ្ឌិតនៅគ្រឹះស្ថានសិក្សាក៏ល្បីល្បាញមួយនៅលើពិភពលោកនេះ”។

          នៅក្នុងកិច្ចសន្ទនាមួយតាមបណ្ដាញសង្គមហ្វេសប៊ុកនៃ ព.ស.ស.ខ. កាលពីរាត្រីថ្ងៃទី១២ មីនា ២០២០ ព្រះអង្គបានរំឭកឡើងនៅថេរដីការបស់ព្រះឧបជ្ឈាយ៍ ប៉ាន គិត (ឧបជ្ឃាយ៍ផ្ទាល់របស់ព្រះអង្គ) ថា “ចៅឯងមិនមែនសិស្សឆ្លាតទេ ប្រសិនបើមិនព្យាយាម មិនអត់ធ្មត់ទេ អ្វីៗគ្រប់យ៉ាងមិនបានសម្រេចឡើយ ការសិក្សារបស់អ្នកបួសក្នុងព្រះពុទ្ធសាសនា ត្រូវមានសេចក្ដីព្យាយាមជាការសំខាន់”។

          “យើងឃើញមនុស្សលង់ទឹក យើងមិនចេះហែលទឹក តើយើងចុះទៅជួយមនុស្សម្ដេចកើត? ព្រះពុទ្ធចង់ឱ្យអ្នកបួសក្នុងព្រះពុទ្ធសាសានា គឺព្រះសង្ឃចេះដឹង ក្លាយជាវិញ្ញូជន។ ព្រះសង្ឃត្រូវអភិវឌ្ឍខ្លួនឯងឱ្យចេះដឹង ជាមនុស្សមានបញ្ញា ដើម្បីចូលរួមអភិវឌ្ឍន៍សង្គម ដើម្បីបង្រៀនព្រះសង្ឃក្មេង បង្រៀនពុទ្ធបរិស័ទ អាត្មាខ្លួនឯងហ្នឹងត្រូវចេះដឹងដែរ ប៉ុន្តែព្រះពុទ្ធមិនបង្រៀនព្រះសង្ឃឱ្យទៅជាមនុស្សសម្បូរសប្បាយផ្នែកលោកិយទ្រព្យទេ”។

          ក្នុងការដាក់ស្នើអាហារូបករណ៍នេះ គឺព្រះអង្គបានសរសេរគម្រោងសិក្សាស្រាវជ្រាវជាង ៣០ទំព័រ ស្ដីអំពីព្រះសង្ឃក្នុងការរក្សាសន្តិភាពនៅកម្ពុជា មុនពេលស្នើទៅសាកលវិទ្យាល័យតាមប្រព័ន្ធ Online ចំនួន ២លើក។ “អ្វីៗទាំងអស់វាមិនទៀង ទ្រឹស្ដីមិនទៀងនេះជួយអាត្មាច្រើនណាស់ កាលណាយើងស្ថិតនៅក្នុងការងារកាន់តែធំ ទ្រឹស្ដីនេះជួយយើងកាន់តែខ្លាំង មានន័យថា យើងរស់នៅតាមដំណាក់កាល យើងត្រូវប្រកាន់គោលការណ៍របស់យើង កាលណាយើងចង់គិតអំពីអ្វីមួយ វាត្រូវមានមូលដ្ឋាននៃការគិតនោះសិន។ តាមមតិយោបល់របស់អាត្មា ការងារសង្គម រួមទាំងចំណេះជំនាញ និង បទពិសោធន៍ការងារ “សម្រាប់អ្នកសិក្សាដែលប្រាថ្នាទៅកាន់សាលាធំលើពិភពលោក គួរណាស់តែត្រូវរក្សាកំណត់ត្រាប្រចាំថ្ងៃ ហើយប្រឡូកឱ្យមែនទែនក្នុងកិច្ចការសង្គម ជួយសង្គមតាមរយៈរូបភាពណាក៏ដោយ ទោះបីតិចក្ដី ច្រើនក្ដី សាលាធំៗគេឱ្យតម្លៃលើការងារទាំងនេះ ព្រោះគេចង់បណ្ដុះមនុស្សឱ្យមានចំណេះដឹង ហើយមានគុណធម៌ទៀត គេសួរថា តើយើងរៀនចប់មានអ្វីជួយសង្គមជាតិវិញ?”

          សម្រាប់អាត្មា ចំពោះការសិក្សារៀនសូត្រ គឺត្រូវអនុវត្តតាមដំបូន្មានរបស់គ្រូ ទ្រឹស្ដីពុទ្ធសាសនាក៏ថ្លែងដែរថា ពេលវេលាវាតែងទំពាស៊ីនូវមនុស្ស មានន័យថា ពេលវេលាគ្រប់វិនាទីហ្នឹង តែងមានតម្លៃ បើយើងប្រើពេលវេលាគ្រប់វិនាទីឱ្យមានប្រយោជន៍ គឺវានឹងឱ្យផលមិនខានឡើយ។

          ស្ថិតក្នុងពិធីប្រគល់សញ្ញាបត្រ ដោយនិស្សិតជ័យលាភីលើកទី៩ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា នៅថ្ងៃសៅរ៍ ៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ ដែលមានព្រះជន្មាយុ ៤១ឆ្នាំហើយនោះមានសង្ឃដីកាថា៖

“អ្នកនយោបាយអាចក្បត់នរណាៗបាន តែមិនអាចក្បត់ប្រទេសជាតិរបស់ខ្លួនបានឡើយ លោកវេជ្ជបណ្ឌិតអាចក្បត់នរណាម្នាក់បាន តែមិនអាចក្បត់អ្នកជំងឺរបស់ខ្លួនបានឡើយ អ្នកបួសអាចក្បត់នរណាបាន តែមិនអាចក្បត់សីលធម៌បានទេ ប្រវត្តិវិទូអាចក្បត់នរណាបាន តែមិនអាចក្បត់ប្រវត្តិសាស្ត្របានទេ យើងទាំងអស់គ្នាជានិស្សិតរបស់បញ្ញាសាស្ត្រកម្ពុជា ជាជនជាតិខ្មែរ ដាច់ខាតត្រូវតែការពារទឹកដី និងថែរក្សាប្រទេសរបស់យើងឱ្យបានគង់វង្ស”។

 ប្រភពៈ ព.ស.ស.ខ.              

          

ការទទួលសញ្ញាបត្រថ្នាក់ក្រោយបណ្ឌិតនៅសាកលវិទ្យល័យហាវើដ

...


ការថ្លែងសុន្ទរកថានៅតាមកម្មវិធី

...


Secure រក្សាសិទ្ធិ© គ្រប់យ៉ាងដោយ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ព.ស.២៥៦៨ គ.ស.២០២៤