អំពីពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
I. ប្រវត្តិ
គិតចាប់ពីឆ្នាំ១៩៥៣ សម្តេចព្រះនរោត្តមសីហនុ ទ្រង់បានសព្វព្រះរាជហឬទ័យឲ្យបង្កើតពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ តាម ព្រះរាជក្រមលេខ៨៧៩នសចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៥៤ ក្រោមការដឹក នាំផ្ទាល់ដោយសម្តេចព្រះពោធិវ័ង្ស ហួត តាត មានការអប់រំបណ្តុះបណ្តាលសមណនិស្សិត-និស្សិតផ្តោតសំខាន់ ទៅលើឯកទេស ទស្សនវិជ្ជា និងពុទ្ធសាសនា ព្រមទាំងភាសាបាលីអស់រយៈកាល២១ឆ្នាំ និងត្រូវបានបិទទ្វារដូច ជាគ្រឹះស្ថានអប់រំនានារបស់រដ្ឋដែរនៅក្នុងឆ្នាំ១៩៧៥-១៩៧៩ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ។
ក្រោយថ្ងៃរំដោះ ៧ ខែមករា ឆ្នាំ១៩៧៩ វិស័យពុទ្ធិកសិក្សាត្រូវបានស្តារឡើងវិញបណ្តើរៗ ដោយឡែកពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ បានបង្កើតឡើងវិញនៅឆ្នាំ១៩៩៧តាមលិខិតលេខ២១សជណផក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ ១៩៩៧ របស់រាជរដ្ឋាភិបាល ប៉ុន្តែការបង្កើតឡើងវិញលើកដំបូងនេះ គឺបានបណ្តុះបណ្តាលសមណសិស្សត្រឹមកម្រិតពុទ្ធិកមធ្យមសិក្សាទុតិយភូមិតែប៉ុណ្ណោះ។ នៅឆ្នាំ២០០០ ពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ បានបង្កើនកម្រិតនៃការបណ្តុះបណ្តាលដល់ថ្នាក់បរិញ្ញាបត្រ ឯកទេសទស្សនវិជ្ជាពុទ្ធសាសនា រហូតដល់ឆ្នាំ២០០៣ ពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ ត្រូវបានបង្កើតឡើងនូវពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងព័ត៌មានវិទ្យាមួយទៀតតាមប្រកាសលេខ៦១ក.ធ.សប្រ. ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៣ របស់ក្រសួងធម្មការ និងសាសនា។ ដោយការអភិវឌ្ឍមិនចេះឈប់ឈរស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹង និងពង្រីកពុទ្ធិរបស់ព្រះសង្ឃពុទ្ធសាសនាថេរវាទឲ្យកាន់តែមានគុណភាពទាំងផ្លូវលោក និងផ្លូវធម៌នោះ នៅឆ្នាំ២០០៦ ពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ ត្រូវបានប្រែក្លាយទៅជាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ០៥អនក្រ.បកចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០០៦ ដោយមានពុទ្ធិកមហាវិទ្យាល័យចំនួន៤ មានឯក ទេសចំនួន៩ និងពុទ្ធិកមជ្ឈមណ្ឌលគរុកោសល្យ១ ក្នុងនោះមាន៖
១.ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា និងសាសនា
- ឯកទេស ទស្សនវិជ្ជាពុទ្ធសាសនា
- ឯកទេស សង្គមវិជ្ជា
- ឯកទេស នីតិសាស្ត្រ
២.ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងព័ត៌មានវិទ្យា
- ឯកទេស រដ្ឋបាលអប់រំ
- ឯកទេស គ្រប់គ្រងទូទៅ
៣.ពុទ្ធិកមហាវិទ្យាល័យអក្សរសាស្ត្រ
- ឯកទេស អក្សរសាស្ត្រខ្មែរ
- ឯកទេស បរិស្ថានវិទ្យា
៤.ពុទ្ធិកមហាវិទ្យាល័យបាលី-សំស្រ្កឹត និងភាសាបរទេស
- ឯកទេស ភាសាបាលី-សំស្រ្កឹត
- ភាសាអង់គ្លេស
៥.ពុទ្ធិកមជ្ឈមណ្ឌលគរុកោសល្យ
- កម្រិតបឋម
- កម្រិតមធ្យម
- កម្រិតឧត្តម
មិនត្រឹមតែប៉ុណ្ណោះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានពង្រីកសាខាតាមបណ្តាខេត្តមួយចំនួនទៀត ដើម្បីបំពេញតាមតម្រូវការរបស់សមណនិស្សិត និស្សិត ដែលមានចំនួនកើនឡើងជារៀងរាល់ឆ្នាំដូច ជា ៖
១. សាខាខេត្តកំពង់ឆ្នាំង ត្រូវបានបង្កើតឡើងតាមប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡា លេខ១៧៣ អយកប្រក ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០០៨ ។
២. សាខាខេត្តកំពង់ចាម ត្រូវបានបង្កើតឡើងតាមប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡា លេខ១៧៤ អយកប្រក ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០០៨ (ត្រូវបានបង្កើតជាពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ព.ស.ហ.ស) តាមអនុក្រឹត្យលេខ១៩២ អនក្រ.បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១១ របស់រាជរដ្ឋាភិបាលកម្ពុជា)។
៣. សាខាខេត្តបាត់ដំបង ត្រូវបានបង្កើតឡើងតាមប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡា លេខ១៧៥ អយកប្រក ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០០៨។
៤. បានបង្កើនការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ តាមប្រកាសលេខ២៧៨/១២ក.ធ.ស ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី២ របស់រាជរដ្ឋាភិបាលកម្ពុជាត្រង់ចំណុចទី៤ លើឯកទេសចំនួន៥គឺ៖
- ឯកទេស ទស្សនវិជ្ជា
- ឯកទេស អក្សរសាស្រ្តខ្មែរ
- ឯកទេស គ្រប់គ្រងអប់រំ
- ឯកទេស បាលីសំស្រ្កឹត
- ឯកទេស នីតិសាស្រ្ត
II.សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង
សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ហៅកាត់ថា ព.ស.ស.ប.ប គឺជាគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋ ត្រូវបានបង្កើតឡើងដោយប្រកាសលេខៈ១៧៥ អយក.ប្រក ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០០៨ ។ ពុទ្ធិកសាកលវិទ្យាល័យនេះគឺជាសាខារបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានទីតាំងគោលនៅទីក្រុងភ្នំពេញ ហើយបានចាប់ផ្តើមដំណើរការបណ្តុះបណ្តាល សមណនិស្សិត និស្សិត មុនដំបូងបង្អស់ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០០៨ នៅក្នុងវត្តពោធិ៍វាល ឃុំរតនៈ ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ ដំបូងឡើយព.ស.ស.ប.ប បានខ្ចីទីចាត់ការរបស់ពុទ្ធិកវិទ្យាល័យអ៊ឹង ធួង ចំនួនពីរបន្ទប់សម្រាប់ជាបន្ទប់រៀន និង ខ្ចីទីចាត់ការសាលាអនុគណស្រុកបាត់ដំបង ជាន់ខាងក្រោម ធ្វើជាការិយាល័យ និង ជាបណ្ណាល័យ។ ក្នុងឆ្នាំសិក្សាដំបូងនេះមានសមណនិស្សិត និស្សិតសិក្សាចំនួន ៨៧រូប ព្រះសង្ឃចំនួន ៧៧ អង្គ ស្រី ៥ នាក់ និង ប្រុស ៥ នាក់ ដោយសិក្សាតែលើឯកទេសទស្សនវិជ្ជាមួយមុខប៉ុណ្ណោះ។ មួយឆ្នាំក្រោយមក នាបវេសនកាលឆ្នាំសិក្សាថ្មី នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០០៩ ព.ស.ស.ប.ប បានផ្លាស់ប្តូរទីតាំងមកកាន់វត្តដំរីស ស្ថិតនៅក្នុងភូមិកម្មករ ឃុំស្វាយប៉ោ ស្រុកបាត់ដំបង ខេត្តបាត់ដំបង (អាសយដ្ឋាននៅពេលនោះ) ដោយចាប់ផ្តើមដំណើរការបណ្តុះបណ្តាលលើអាគារសិក្សាចាស់មួយខ្នងដែលជាអតីតអនុវិទ្យាល័យវត្តដំរីស មាន៩បន្ទប់ ដោយបែងចែកជាការិយាល័យធ្វើការ បណ្នាល័យ និង បន្ទប់រៀន។ ក្រោយមក ព.ស.ស.ប.ប បានទទួលអគារសិក្សាថ្មីមួយខ្នង កម្ពស់ពីរជាន់ មាន១០បន្ទប់ និង សាលប្រជុំមួយបន្ទប់ ក្រោមការឧបត្ថម្ភរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និង លោកជំទាវ ដោយទទួលខុសត្រូវលើការសាងសង់ដោយ ឯកឧត្តម ប្រាជ្ញ ច័ន្ទ អតីតអភិបាលខេត្តបាត់ដំបង និង លោកជំទាវ ។
នៅឆ្នាំ២០១២ គណៈគ្រប់គ្រងសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បានចាប់ផ្តើមកសាងទីចាត់ការនិងបណ្ណាល័យថ្មី សង់អំពីឥដ្ឋបេតុង ប្រក់ក្បឿង កម្ពស់១៦ម៉ែត្រ ពីរជាន់ មានទំហំបណ្តោយប្រវែង ២៨ ម៉ែត្រ និង ទទឹងប្រវែង ១៨ ម៉ែត្រ។ អគារនេះកសាងរួចរាល់និងប្រើប្រាស់ជាផ្លុវការនៅឆ្នាំ២០១៥ ដោយចំណាយថវិកាសរុបជាប្រាក់ខ្មែរអស់ចំនួន ២៨៦,៨៤៦,៣៧៥ រៀល និង ជាប្រាក់ដុល្លារចំនួន ១២៤,៩៥១ ដុល្លារអាមេរិក។
១.អ្នកជួយឧបត្ថម្ភក្នុងការកសាង
ការកសាងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សាខាខេត្តបាត់ដំបងនេះ បានការជួយឧបត្ថម្ភពីសប្បុរសជននានានៅក្នុងប្រទេស ក៏ដូចជាក្រៅប្រទេស៖
- សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភាជាតិ
- ឯកឧត្តម ប្រាជ្ញ ចន្ទ អតីតគណៈអភិបាលខេត្តបាត់ដំបង និង លោកជំទាវ
- មន្រ្តីរាជការក្នុងនិងក្រៅខេត្តបាត់ដំបង
- ព្រះសង្ឃ អាចារ្យគណៈកម្មការតាមបណ្តាវត្តនានាក្នុងខេត្តនិងក្រៅខេត្តបាត់ដំបង
- សប្បុរសជនជិតឆ្ងាយក្នុងប្រទេសនិងក្រៅប្រទេសបានរួមចំណែកក្នុងការកសាងមាន សហរដ្ឋអាមេរិក បារាំង អូស្ត្រាលី ញូហ្សឺឡេន កូរ៉េ និង ប្រទេសផ្សេងៗទៀត។
III. និមិត្តសញ្ញា
និមិត្តសញ្ញា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មាន៣ថ្នាក់ដូចជា៖
- ថ្នាក់ក្រោមជាទម្រនៃស្រទាប់ផ្កាឈូក មានក្បាច់ជាស្រទាប់ៗព័ទ្ធជុំវិញ ដោយមានលូតចេញនូវផ្កាឈូក២នៅអមសងខាង
- ថ្នាក់កណ្ដាលជាទម្រជើងពានមានក្បាច់រចនាជាស្រទាប់ផ្កាឈូក
- ថ្នាក់លើជារង្វង់កងចក្រ៨កាំដែលមានផ្សាយចេញនូវពន្លឺ៩ជ្រុង

១. អត្ថន័យនិមិត្តសញ្ញា
- ផ្នែកខាងក្រោមជាទម្រមានរាងជាបល្ល័ង្គ រចនាបទជាស្រទាប់ផ្កាឈូក តំណាងឲ្យវិសាលភាព នៃភាពរឹងមាំប្រកបដោយសេចក្ដីបរិសុទ្ធ ដែលតាំងស៊ុបលើផែនប្រថពី ដើម្បីបំពេញនូវអំពើល្អផ្សេងៗ
- ផ្កាឈូក២ (ពីរ) អបសងខាងជើងពាន ជាតំណាងឲ្យការរីកលូតលាស់នៃពុទ្ធចក្រនិងអាណា ចក្រដែលត្រូវបំពេញឲ្យគ្នាទៅវិញទៅមកមិនអាចខ្វះបាន
- តួកណ្ដាលទម្រជើងពាន ជាតំណាងឲ្យភាពទទួលខុសត្រូវនៃការដំណើរការនិងការ ប្រព្រឹត្ដទៅរបស់កងចក្រនិងភាពរុងរឿងក្នុងការផ្សាយចេញនូវពន្លឺរបស់លោកុត្ដរធម៌
- រង្វង់កងចក្រដែលមានកាំ៨ ជាតំណាងឲ្យការប្រព្រឹត្ដទៅនូវអដ្ឋង្គិគមគ្គ ដែលជាធម៌ញ៉ាំងសត្វទាំងឡាយឲ្យរស់នៅប្រកបដោយសន្ដិភាព និង សេចក្ដីសុខដ៏ប្រសើរបំផុតក្នុងលោក
- ពន្លឺទាំង៩ជ្រុង ជាតំណាងឲ្យផលនៃការបដិបត្ដិនូវអដ្ឋង្គិគមគ្គ ដែលនឹងទទួលបាននូវលោកុត្ដរធម៌ទាំង៩(ប្រាំបួន) គឺ មគ្គ ៤(បួន) ផល៤(បួន) និងនិព្វាន១(មួយ)។
IV. ពាក្យស្លោក
ត្រៃសិក្ខា គឹ សីល សមាធិ បញ្ញា ត្រូវបានប្រើជាពាក្យស្លោករបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និង គ្រប់សាខាទាំងអស់។
- សីលៈ វិរតិចេតនាដែលវៀរចាកអំពើអាក្រក់, ការកាន់ ឬ ប្រព្រឹត្តល្អដោយកាយវាចា, ការមិនប្រព្រឹត្តកន្លងសិក្ខាបទ ឬ វិនយប្បញ្ញតិ្ត។ការកាន់ចរិយាល្អ; ការសង្រួម; អង្គនៃចរិយា; ចរិត, ចរិយា; មារយាទល្អ; សេចក្ដីល្អ; គតិ; លក្ខណៈ; និស្ស័យ; អធ្យាស្រ័យ; សភាព; ប្រក្រតី; ទម្លាប់; សណ្ដាប់ធ្នាប់; ធម្មជាតិ; ធម្មតា ។ល។
- សមាធិៈគឺជាដំណើរតាំស៊ប់មាំនៃចិត្ត ការចុះចិត្តស៊ប់ ឬ ស្លុងចិត្តក្នុងគន្លងអារម្មណ៍ដែលរំពឹង។ការតាំងចិត្តមាំក្នុងអារម្មណ៍តែមួយ ឬ ការដឹងច្បាស់នូវអារម្មណ៍នោះៗ ដោយសច្ចភាព ។ សមាធិ មាន ២ យ៉ាង គឺ សមថកម្មដ្ឋាន និង វិបស្សនាកម្មដ្ឋាន ។ សមថកម្មដ្ឋាន គឺជា ការគ្រៀកចិត្ត ចងចិត្តឲ្យជាប់ ក្នុងអារម្មណ៍តែមួយ មិនបណ្តោយឲ្យចិត្តត្រាច់ចរ ទៅរកអារម្មណ៍ផ្សេងៗ។
- បញ្ញាៈ បានដល់ការដឹងច្បាស់នូវសេចក្តីពិត ការចាក់ធ្លុះនូវសច្ចធម៌។
V. ស្ថិតិសមណនិស្សិត និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំ ២០០៨-២០២២
| ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា និងសាសនា | ឆ្នាំសិក្សា | ជំនាន់ | បព្វជិត | ប្រុស | ស្រី | សរុប |
|---|---|---|---|---|---|---|
ឯកទេសទស្សនវិជ្ជាពុទ្ធសាសនា | ២០០៨-២០១២ | ១ | ៤៨ | ៤ | ២ | ៥៤ |
| ២០០៩-២០១៣ | ២ | ៦ | ១៥ | ១២ | ៣៣ | |
| ២០១០-២០១៤ | ៣ | ៨ | ១៨ | ១៣ | ៣៩ | |
| ២០១១-២០១៥ | ៤ | ៩ | ៣ | ៣ | ១៥ | |
| ២០១២-២០១៦ | ៥ | ៧ | ០ | ០ | ៧ | |
| ២០១៣-២០១៧ | ៦ | ៤ | ០ | ១ | ៥ | |
| សរុប | ៦ | ៨២ | ៤០ | ៣១ | ១៥៣ | |
ឯកទេសនីតិសាស្រ្ត | ២០១៧-២០២១ | ១ | ៩ | ២ | ០ | ១១ |
| ២០១៨-២០២២ | ២ | ៥ | ៤ | ៤ | ១៣ | |
| សរុប | ២ | ១៤ | ៦ | ៤ | ២៤ |
| ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្រ្តអប់រំ និងព័ត៌មានវិទ្យា | ឆ្នាំសិក្សា | ជំនាន់ | បព្វជិត | ប្រុស | ស្រី | សរុប |
|---|---|---|---|---|---|---|
| ឯកទេសរដ្ឋបាលអប់រំ | ២០០៩-២០១៣ | ១ | ១១ | ១២ | ២ | ២៥ |
| ២០១០-២០១៤ | ២ | ២៥ | ១១ | ៨ | ៤៤ | |
| ២០១១-២០១៥ | ៣ | ៩ | ១២ | ១៣ | ៣៤ | |
| ២០១២-២០១៦ | ៤ | ១៦ | ៣ | ៧ | ២៦ | |
| ២០១៣-២០១៧ | ៥ | ២ | ០ | ០ | ២ | |
| ២០១៤-២០១៨ | ៦ | ១២ | ៤ | ៣ | ១៩ | |
| ២០១៥-២០១៩ | ៧ | ១៦ | ៥ | ៣ | ២៤ | |
| ២០១៦-២០២០ | ៨ | ១៦ | ៥ | ៧ | ២៨ | |
| ២០១៧-២០២១ | ៩ | ១៤ | ៥ | ១០ | ២៩ | |
| ២០១៨-២០២២ | ១០ | ១៩ | ៨ | ២៣ | ៥០ | |
| សរុប | ១០ | ១៤០ | ៦៥ | ៧៦ | ២៨១ | |
| ឯកទេសគ្រប់គ្រងទូទៅ | ២០១៣-២០១៧ | ១ | ១២ | ១ | ០ | ១៣ |
| ២០១៤-២០១៨ | ២ | ១០ | ៥ | ៤ | ១៩ | |
| ២០១៧-២០២១ | ៣ | ១ | ៦ | ៥ | ១២ | |
| ២០១៨-២០២២ | ៤ | ៣ | ៦ | ៩ | ១៨ | |
| សរុប | ៤ | ២៦ | ១៨ | ១៨ | ៦២ |
| ពុទ្ធិកមហាវិទ្យាល័យអក្សរសាស្រ្ត | ឆ្នាំសិក្សា | ជំនាន់ | បព្វជិត | ប្រុស | ស្រី | សរុប |
|---|---|---|---|---|---|---|
| ឯកទេសអក្សរសាស្រ្តខ្មែរ | ២០០៩-២០១៣ | ១ | ៥ | ១១ | ៨ | ២៤ |
| ២០១០-២០១៤ | ២ | ៤ | ១១ | ១៨ | ៣៣ | |
| ២០១១-២០១៥ | ៣ | ៥ | ៤ | ៩ | ១៨ | |
| ២០១២-២០១៦ | ៤ | ៤ | ៣ | ៨ | ១៥ | |
| ២០១៣-២០១៧ | ៥ | ២ | ០ | ៦ | ៨ | |
| ២០១៧-២០២១ | ៦ | ២ | ១ | ៥ | ៨ | |
| ២០១៨-២០២២ | ៧ | ៥ | ៦ | ១២ | ២៣ | |
| សរុប | ៧ | ២៧ | ៣៦ | ៦៦ | ១២៩ |
| ពុទ្ធិកមហាវិទ្យាល័យបាលី សំស្រ្កឹត និងភាសាបរទេស | ឆ្នាំសិក្សា | ជំនាន់ | បព្វជិត | ប្រុស | ស្រី | សរុប |
|---|---|---|---|---|---|---|
| ឯកទេសអក្សរសាស្រ្តអង់គ្លេស | ២០១១-២០១៥ | ១ | ៧ | ៨ | ៥ | ២០ |
| ២០១២-២០១៦ | ២ | ៤ | ៥ | ២ | ១១ | |
| ២០១៣-២០១៧ | ៣ | ៨ | ៨ | ៥ | ២១ | |
| ២០១៤-២០១៨ | ៤ | ៧ | ៧ | ៣ | ១៧ | |
| ២០១៥-២០១៩ | ៥ | ៩ | ៤ | ៧ | ២០ | |
| ២០១៦-២០២០ | ៦ | ៣ | ២ | ៤ | ៩ | |
| ២០១៧-២០២១ | ៧ | ៨ | ៥ | ២ | ១៥ | |
| ២០១៨-២០២២ | ៨ | ១៦ | ៣ | ១២ | ៣១ | |
| សរុប | ៨ | ៥២ | ៤២ | ៥០ | ១៤៤ |
ហែម វណ្ណដា 2024-07-18
