ការនិមន្តទស្សនកិច្ចរបស់ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋ Post Date: 15 May , 2024


ការនិមន្តទស្សនកិច្ចរបស់ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋ

នៅព្រឹកថ្ងៃសុក្រ ៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២២ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង មានកិត្តិយសដ៏ធំធេង ដោយបានទទួលដំណើរនិមន្តទស្សនកិច្ចរបស់ ព្រះឥទ្ធិមុនី ម៉ឹង សាង (ញាណសារោ) ព្រះប្រធានពុទ្ធិកសមាគមន៍ព្រះសង្ឃខ្មែរសហរដ្ឋអាមេរិក និងជាព្រះចៅអធិការវត្ត មុនីសុតារាម សហរដ្ឋអាមេរិក និង សហការីនៅ មកាន់សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង។

ក្នុងទិវាដ៏ប្រកបដោយមហាកិត្តិយសនេះ ព.ស.ស.ប.ប បានរៀបចំពិធីទទួលការនិមន្តមកដល់របស់ ព្រះឥទ្ធិមុនី និងសហការីយ៉ាងកក់ក្ដៅជាទីបំផុតដោយមានការប្រគំភ្លេងឆៃយ៉ាំទទួលដំណើរដោយក្រុមនិស្សិតនៃសាខាពុទ្ធិកផ្ទាល់ និងនិមន្តទស្សនាអគារសិក្សា ការិយាល័យ និង បណ្ដាល័យនៃសាខាពុទ្ធិកសាកល មុននឹងនិមន្តសំណេះសំណាងជាមួយសមណនិស្សិត និស្សិតនៅសាលប្រជុំជំទាវ ខៀវ ស៊ីណា ជាចាន់តូ នៅអគារ សម្ដេចព្រះសុមេធាធិបតី នន្ទ ង៉ែត (អគារសិក្សាថ្មី)។
អំឡុងពេលសំណេះសំណាលនេះ ព្រះឥទ្ធិមុនី បានផ្ដល់នូវមតិយោបល់ការអប់រំយ៉ាងជាច្រើនដល់សមណនិស្សិត និស្សិត ដូចជាបានលើកនូវពុទ្ធគាថាមួយថា នត្ថិ បញ្ញា សមា អភា ពន្លឺអ្វីស្មើដោយពន្លឺបញ្ញាមិនមាន។  ជាងនេះទៅទៀត ព្រះឥទ្ធមុនី បានលើកនូវកំណាព្យរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត (ជោតញ្ញាណោ) ដែលមានសេចក្ដីថា៖

១. ហៃ! ពួកយុវជនអ្នកកម្សត់

បើកុំបានវត្តជ្រកអាស្រ័យ

សមអ្នកនឹងឥតមានតម្លៃ

យប់ថ្ងៃហួសទៅឥតប្រយោជន៍ ។

២. គួរអ្នកកុំភ្លេចវត្តលំនៅ

ទោះអ្នកចេញទៅឆ្ងាយស្រឡោច

គួរដឹងគុណវត្តកុំបង្ហោច

ប្រយោជន៍និងផលផ្តល់ពុំខាន ។

៣. បើមានគេសួរពីការរៀន

ចំណេះរបៀនទាំងប៉ុន្មាន

អ្នកកុំនិយាយបង្វែងដាន

ត្រូវប្រាប់ថាបានចេះព្រោះវត្ត ។

៤. កុំពោលបង្អួតពួកស្រីៗ

ត្រូវស្តីតាមត្រង់កុំបំភ្លាត់

បំផ្លែងបំភ្លើសបំភ្លេចវត្ត

ក្រែងទោសទាញទាត់ឱ្យវិនាស ។

៥. បាយវត្តជាភោជន៍មានព្រលឹង

​​​​ គួរនឹករំពឹងកុំទើសទាស

នាម៉ឺនមន្ត្រីមកពីរាស្ត្រ

គឺរាស្ត្រឡើងទៅជាមន្ត្រី ។

៦. បាយផ្ទះបាយវត្តដូចជាគ្នា

ចម្អែតអាត្មាមានជីវី

ឆ្អែតហើយរៀនសូត្រចេះខ្ទេចខ្ទី

មុនីកើតមានដោយសារវត្ត ។

៧. សាធុ! សូមឱ្យអ្នកបានសុខ

នីរទុក្ខនីរភ័យសិរីភ័ទ្រ

ជាជនសប្បុរសរបស់រដ្ឋ

មានបែបមានបទប្រសើរហោង។

ក្នុងដំណើរនិមន្តមកទស្សនកិច្ចនេះដែរ ព្រះប្រធានតំណាងពុទ្ធិកសមាគម បានប្រគេនថវិកាចំនួន ២២០០ ដុល្លារអាមេរិក សម្រាប់ប្រើប្រាស់ក្នុងដំណើរការបណ្តុះបណ្តាលនៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះ សីហនុរាជ ខេត្តបាត់ដំបង។

គណៈគ្រប់គ្រងសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបងសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះពុទ្ធិកសាមគមខ្មែរ-សហរដ្ឋ ចំពោះការផ្តល់កិត្តិយសដ៏ធំធេញនិមន្តមកធ្វើទស្សនកិច្ចនៅ ព.ស.ស.ប.ប និង ត្រេកអរអនុមោទនា ចំពោះទឹកព្រះទ័យប្រកដោយសទ្ធាដ៏ប្រសើរថ្លៃថ្លានេះ។

សូមប្រគេននូវពុទ្ធពរ ទាំងឡាយ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ចូរកើតកើនចម្រើនឡើងកុំបីឃ្លាតក្លាយទៅជាប្រការដទៃឡើយ។

ការនិមន្តមកដល់សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

...


ការសំណេះសំណាលរបស់ព្រះប្រធានសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាមេរិក

.


ថតរូបអនុស្សាវរីយ៍

.


Secure រក្សាសិទ្ធិ© គ្រប់យ៉ាងដោយ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ព.ស.២៥៦៨ គ.ស.២០២៤