នៅរសៀលថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបងមានកិត្តិយសដ៏ខ្ពង់ខ្ពស់ទទួលដំណើរទស្សនកិច្ចរបស់លោក
ម៉ុងសែញ័រ (MSGR INDUNIL KODITHUWAKU) អគ្គលេខាធិការក្រសួងសន្ទនាអន្តរសាសនា នៃបុរីវ៉ាទីកង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចប៉ាប អមដំណើរដោយលោកឪពុក ទេព
ច័នុ្ទពិសិដ្ឋ (លោកឪពុកគីកេ) អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង លោកឪពុក កាំង អិនគិន និង សហការី បានអញ្ជើញមកសួរសុខទុក្ខនិងសិក្សាពីដំណើរការបណ្តុះបណ្តាលរបស់ពុទ្ធិកសាកល។
នាវរោកាសនេះ គណៈគ្រប់គ្រងសាខាពុទ្ធិកសាកលដែល ដឹកនាំដោយព្រះយសបញ្ញា បណ្ឌិត វី សុវិជ្ជា បានដឹកនាំលោកអគ្គលេខាធិការទស្សនាកម្រងរូបភាពសកម្មភាពផ្សេងៗរបស់សាខាពុទ្ធិក មានដូចជាសកម្មភាពសប្បុរសធម៌ ការបណ្ដុះបណ្ដាល ដំណើរការណ៍សាងសង់អគារ និងគម្រោងផ្សេងៗរបស់ពុទ្ធិកសាកល។
បន្តទៅមានការធ្វើបទបង្ហាញណែនាំស្ដីពីសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង តាំងអំពីការចាប់ផ្ដើមដំបូងរហូតដល់បច្ចុប្បន្ន ដោយលោក ភុំឈន់ តុលា ប្រធានការិយាល័យទំនាក់ទំនង និង សហប្រតិបត្តិការ និងបានសំណេះសំណាលស្ដីពីការកសាងសន្តិភាពនៅប្រទេសកម្ពុជាក៏ដូចជាពិភពលោកទាំងមូល។ មិនតែប៉ុណ្ណោះ លោកអគ្គលេខាធិការបាននាំយកព្រះបន្ទួលរបស់សម្ដេចប៉ាប ដែលណែនាំឱ្យមនុស្សត្រូវមានករុណាការស្រឡាញ់រាប់អានគ្នាចំពោះមនុស្សគ្រប់រូប ត្រូវចេះស្រឡាញ់និងការពារបរិស្ថានជាដើម។
បន្ទាប់អំពីការសន្ទនាដ៏ប្រកបដោយបីតិសោមនស្សរីករាយរួចមក លោកអគ្គលេខាធិការបានចូលទស្សនាតាមថ្នាក់រៀន និងទស្សនាបណ្ណាល័យនៃពុទ្ធិកសាកល និងថតរូបអនុស្សាវរីយ៍។