សេចក្តីផ្តើម Post Date: 23 May , 2022


សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ជួយសិស្សឱ្យរៀនពី របៀបគិត មិនមែនបង្រៀនការគិតជាអ្វីនោះទេ។ ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា អភិវឌ្ឍជំនាញការគិតបែបរិះគន់ ពេញចិត្តចំពោះចម្រុះភាពនៃវប្បធម៌ ក្លាយជាអ្នកអានដោយប្រុងប្រយ័ត្ន និងសរសេរបានច្បាស់លាស់និងត្រឹមត្រូវ។ ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា គឺជាមុខវិជ្ជាមនោគតិ សម្រាប់សិស្សដែលចូលចិត្ត ចង់ដឹង និងចង់ឃើញពិភពលោកឱ្យកាន់តែច្បាស់។

ចំណុចសំខាន់នៃពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជាគឺសួរសំណួរខ្លីៗដូចជា៖ តើមនុស្សមានន័យដូចម្តេច? តើពិភពលោកនេះត្រូវបានមនុស្សឱ្យនិយមន័យដូចម្តេច? តើទំនាក់ទំនងបុគ្គលនឹងសង្គមគឺជាអ្វី? ។ល។ សំណួរទាំងនេះមានភាពស្មុគស្មាញណាស់ ជាពិសេសនៅពេលដែលគេនិយាយពី ឋានៈ ពូជសាសន៍ ជាតិសាសន៍ និងយេនឌ័រ ប៉ុន្តែទាំងអស់នេះត្រូវបានដោះស្រាយដោយពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា។

 

បេសកកម្ម

បង្កើនផលិតភាពធនធានមនុស្ស ទាំងបព្វជិត និងគ្រហស្ថ ប្រកបដោយចំណេះដឹង និងសមត្ថភាពពេញលេញ តាមរយៈការសិក្សាមូលដ្ឋានគ្រឹះទស្សនវិជ្ជា សាសនវិជ្ជា សង្គមវិទ្យា នីតិសាស្រ្ត ធម្មសាស្រ្ត និងពុទ្ធសាសនា។

បណ្តុះបណ្តាលសមណនិស្សិត-និស្សិត ក្នុងភាពជាអ្នកដឹកនាំ អ្នកកសាងសន្តិភាព និងអហិង្សាធម៌ ផ្អែកលើពុទ្ធវចនៈ និងគោលការណ៍គ្រឹះសុខដុមរម្យនីយកម្មសង្គម ក្នុងវិសាលភាពជាតិ តំបន់ និងអន្តរជាតិ។

ផ្តល់ឱ្យសមណនិស្សិត-និស្សិតនូវសេរីភាពសិក្សា និងសេវាសិក្សាពេញលេញ ទាំងក្នុងក្របខ័ណ្ឌទ្រឹស្តី និងការអនុវត្តជាក់ស្តែង ក្នុងចំណេះដឹងទស្សនវិជ្ជាពុទ្ធសាសនា នីតិសាស្រ្ត សង្គមសាស្រ្ត ការស្រាវជ្រាវ និងនវានុវត្តភាពសិក្សា។

បណ្តុះបណ្តាលសមណនិស្សិតនិស្សិត ប្រកបដោយក្រមសីលធម៌ និងអភិសមាចារខ្ពស់ ឆ្លើយតបទៅនឹងជំនាញ វិជ្ជាជីវៈការងារ និងបរិយាបន្នសង្គម។

អភិរក្ស និងផ្សព្វផ្សាយនូវអត្តសញ្ញាណវប្បធម៌ អារ្យធម៌ និងទស្សនវិជ្ជាខ្មែរ ក្នុងចំណោម សមាជិកប្រជាជាតិ  អាស៊ាន   ក៏ដូចជាបណ្តាប្រទេសលើសកលលោក។

រួមចំណែកលើកស្ទួយជីវភាពរស់នៅ និងសេដ្ឋកិច្ចវប្បធម៌របស់អ្នកសិក្សា ប្រកបដោយសេចក្តីថ្លៃថ្នូរ និងនិរន្តរភាព។

គោលបំណង

លើកកម្ពស់ការយល់ដឹងរបស់សមណនិស្សិត -និស្សិត ឱ្យកាន់តែទូលំទូលាយ ស្តីពីសារៈសំខាន់នៃការសិក្សាទ្រឹស្តីទស្សនវិជ្ជាបូព៌ាប្រទេស និងបស្ចិមប្រទេស ដែលជាមូលដ្ឋានគ្រឹះចម្បងនៃឯកទេសសិក្សាផ្សេងៗទៀត ក្នុងវិស័យវិទ្យាសាស្រ្តសង្គម។

ពង្រឹងសមត្ថភាពជំនាញរបស់សមណ និស្សិត -និស្សិត ស្របទៅនឹងតម្រូវការ      ទីផ្សារ និងការអភិវឌ្ឍសង្គម ឈរលើមូលដ្ឋានចម្បងៗ នៃការបណ្តុះបណ្តាល រួមមាន៖     បញ្ញាសម្បទា បំនិនសម្បទា និងចរិយាសម្បទា ប្រកបដោយសង្គតិភាព។

រួមចំណែកលើកកម្ពស់គោលការណ៍អភិបាលកិច្ចគ្រប់គ្រង គុណវុឌ្ឍិសិក្សា និងសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀន ដោយឈរលើមូលដ្ឋាននៃការអប់រំសម្រាប់ទាំងអស់គ្នា និងការអប់រំពេញមួយជីវិត ប្រកបដោយចីរភាព។

ពង្រឹងសមត្ថភាពសិក្សា និងជំនាញរបស់សមណនិស្សិត-និស្សិត តាមរយៈការអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ ព័ត៌មានវិទ្យា និងសារគមនាគមន៍ (ICT) និងជំនាញទំនាក់ទំនងអន្តរបុគ្គល ស្របតាមកាលៈទេសៈ និងវឌ្ឍនភាពសង្គម។

លើកកម្ពស់មនសិការ ស្មារតី និងទំនួលខុសត្រូវ របស់សមណនិស្សិត-និស្សិត ក្នុងន័យអភិរក្ស និងថែរក្សាអត្តសញ្ញាណ វប្បធម៌ ប្រពៃណីនិងសាសនាជាតិឱ្យបានថ្កុំថ្កើង និងគង់វង្ស។

Secure រក្សាសិទ្ធិ© គ្រប់យ៉ាងដោយ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ព.ស.២៥៦៦ គ.ស.២០២២