កម្មវិធីចែកចម្អិនអាហារ
ចែកជូនអ្នកជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និង មន្ទីរពេទយោធភូមិភាគទី៥
ថ្ងៃសុក្រ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា គ.ស.២០២២ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តបាត់ដំបង សហការជាមួយអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា និង សាលាអនុគណក្រុងបាត់ដំបង បានប្រារព្ធធ្វើកម្មវិធីចែកអាហារជូនដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង (ពេទ្យធំ) និង មន្ទីរទេព្យយោធភូមិភាគទី៥ (ពេទ្យពពីរ) ចំនួន ៥០០កញ្ចប់។
កម្មវិធីនេះមានគោលបំណងបន្តវេនវប្បធម៌ចែករំលែក បង្កើតនូវសាមគ្គីភាព ផ្ដល់ក្ដីស្រឡាញ់ លើកទឹកចិត្ត និងសម្រាលទុក្ខលំបាកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យ។ កាន់តែពិសេសទៅទៀតនោះ នូវរៀងរាល់រដូវកាន់បិណ្ឌភ្ជុំបិណ្ឌ ប្រជាជនខ្មែរយើងគ្រប់រូបតែងតែជួបជុំញាតិមិត្តឆ្ងាយជិតនិងទៅបំពេញកុសលនៅតាមវត្តអារាមនានានៅទូទាំងប្រទេសកម្ពុជា ប៉ុន្តែដោយហេតុមានជំងឺប្រចាំកាយទើបធ្វើឱ្យពួកគាត់មិនអាចទៅបំពេញបុណ្យទាននៅវត្តដូចសព្វបាន ហេតុនេះហើយទើប ព.ស.ស.ប.ប បានរៀបចំកម្មវិធីនេះឡើង មួយចំណែកគឺដើម្បីជួយសម្រាលទុក្ខដល់អ្នកជំងឺ និងមួយចំណែកទៀតគឺបានដឹកនាំព្រះសង្ឃ ពិសេសគឺសមណនិស្សិតនៃសាខាពុទ្ធិកសាកលផ្ទាល់ ដើម្បីជាការផ្ដល់នូវកម្លាំងចិត្ដដល់អ្នកជំងឺផង និងបានឱ្យអ្នកជំងឺបានសប្បាយចិត្តទោះបីជាគាត់មិនអាចទៅវត្តផ្ទាល់ ក៏នៅមានព្រះសង្ឃបានទៅដល់ពេទ្យផ្ទាល់ដែរ។
មិនតែប៉ុណ្ណោះ សកម្មភាពនៃការចែកទានដល់អ្នកជំងឺនេះបានបង្កប់នូវអត្ថន័យដល់ជ្រាលជ្រៅដល់អនុជនជំនាន់ក្រោយ ពោលគឺបានធ្វើជាគម្រូដ៏ល្អ ដើម្បីឱ្យពួកគាត់បានចូលរួមធ្វើសេចក្ដីល្អដោយផ្ទាល់ផង ដែលនេះនឹងជួយបង្កើននូវទឹកចិត្តមេត្តា ទឹកចិត្តសង្គហធម៌ចំពោះគ្នានឹងគ្នា និយាយរួមគឺដើម្បីធ្វើជាឫស្សីល្អសម្រាប់ទំពាំងជំនាន់ក្រោយ។
សូមពុទ្ធបរិស័ទ និងសប្បុរសជនគ្រប់មជ្ឈដ្ឋានទទួលត្រេកអរអនុមោទនា និងជួបប្រទះតែនឹងពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ព្រះយសបញ្ញា បណ្ឌិត វី សុវិជ្ចា ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តបាត់ដំបង ចែកអាហារដល់អ្នកជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង (ទេព្យធំ)
សកម្មភាពរៀបចំវេចខ្ចប់អាហារជូនអ្នកជំងឺនៅសាខាពុទ្ធិកសាកល
សកម្មភាពរបស់ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា និងសមណនិស្សិត និស្សិត ចែកទានដល់អ្នកជំងឺនៅមន្ទីរពេទ្យយោធភូមិភាគទី៥ (ពេទ្យពពីរ)
សកម្មភាពចែកអាហារដល់អ្នកជំងឺដែលទើបឆ្លងទន្លេនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង (ពេទ្យធំ)
ព្រះមហាចារ សំ សារ៉ូន អនុការិយាល័យស្រាវជ្រាវ និង ផ្សព្វផ្សាយ និងជាសាស្ត្រាចារ្យនៃសាខាពុទ្ធិកសាកល ចែកទានដល់អ្នកជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង (ពេទ្យធំ)