ឯកទេសៈ រដ្ឋបាលអប់រំ Post Date: 17 May , 2024


ឯកទេស៖ រដ្ឋបាលអប់រំ

          រដ្ឋបាលអប់រំ គឺជាមុខវិជ្ជាវិទ្យាសាស្ត្រមួយស្ថិតនៅក្នុងវិទ្យាសាស្ត្រអប់រំ ហើយមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយមុខវិជ្ជាគ្រប់គ្រងអប់រំ និងសេដ្ឋកិច្ចអប់រំ។ មិនតែប៉ុណ្ណោះ មុខវិជ្ជារដ្ឋបាលអប់រំមានតួនាទីនិងភារៈកិច្ចយ៉ាងសំខាន់ក្នុងការសិក្សាស្រាវជ្រាវអំពីបាតុភូតក្រឹក្យក្រម ការវិវត្តនៃការអប់រំសេដ្ឋកិច្ចដោយឈរលើមូលដ្ឋាននៃខ្លឹមសាររបស់មុខវិជ្ជាវិទ្យាសាស្ត្រដទៃទៀតដែលពាក់ព័ន្ធដូចជា៖ គ្រប់គ្រងអប់រំ សេដ្ឋកិច្ចអប់រំ ទ្រឹស្ដីអប់រំ ទស្សនវិជ្ជាអប់រំ ច្បាប់អប់រំ និងរដ្ឋបាលសាធារណៈជាដើម។ល។

  • ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវចេះសម្រាប់ទៅសិក្សាមុខចំនាញនេះ៖ ប្រវត្តិវិទ្យា និងសីលធម៌-ពលរដ្ឋ ។
  • ការសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រលើមុខជំនាញនេះ៖ មានរយៈពេល៤ឆ្នាំ ស្មើនឹង ១២១ក្រេឌីត ។
  • ចំណេះដឹងដែលនិស្សិតទទួលបានក្រោយបញ្ចប់ការសិក្សាររយៈពេល៤ឆ្នាំ៖
  • មូលដ្ឋានគ្រឹះនៃរដ្ឋបាលសាធារណៈ ទ្រឹស្តី និងការឆ្លុះបញ្ចាំងក្នុងការអនុវត្ត
  • មូលដ្ឋានគ្រឹះនៃការវិភាគលើការគ្រប់គ្រងវិស័យសាធារណៈនិងគោលនយោបាយ ។
  • អង្គភាពឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចទៅបម្រើការងារ៖ តាមស្ថាប័នរដ្ឋ ស្ថាប័នឯកជន ឬអង្គការក្រៅរដ្ឋាភិបាល ។

បេសកកម្ម

  • រួមចំណែក ក្នុងការលើកកម្ពស់ធនធានមនុស្ស ក្នុងវិស័យអប់រំ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ប្រកបដោយ ចំណេះដឹង ជំនាញវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់
  • បណ្តុះបណ្តាលសមណនិស្សិត-និស្សិត ក្នុងភាពជាអ្នកដឹកនាំ អ្នកគ្រប់គ្រង ប្រតិបត្តិករ អ្នកអប់រំ និងអ្នកស្រាវជ្រាវ ខាងផ្នែកអប់រំសិក្សាធិការ ស្របតាមភាពរីកចម្រើននៃវិស័យអប់រំជាតិ និងសកល
  • ផ្តល់ឱ្យសមណនិស្សិត-និស្សិតនូវសេរីភាពសិក្សា និងសេវាសិក្សាពេញលេញ ទាំងក្នុងក្របខណ្ឌទ្រឹស្តី និងការអនុវត្តជាក់ស្តែង តាមរយៈចំណេះដឹង ការស្រាវជ្រាវ និងនវានុវត្តភាពសិក្សា លើវិស័យអប់រំទូទៅ អប់រំពិសេស និងអភិបាលកិច្ចល្អ
  • បណ្តុះបណ្តាលសមណនិស្សិត-និស្សិត ប្រកបក្រមសីលធម៌ និងអភិសមាចារខ្ពស់ ឆ្លើយតបទៅនឹងជំនាញវិជ្ជាជីវៈការងារ និងបរិយាប័ន្នសង្គម ស្របតាមច្បាប់អប់រំ និងបទដ្ឋានគតិយុត្តិនានា ពាក់ព័ន្ធក្នុងវិស័យអប់រំ
  • លើកតម្កើង និងផ្សព្វផ្សាយនូវសក្តានុពលនៃប្រព័ន្ធអប់រំពុទ្ធិកសិក្សា និងវត្តអារាមពុទ្ធសាសនា នៅកម្ពុជា ក្នុងការផ្តល់នូវចំណេះដឹង បំណិន និងសីលធម៌ ទាំងបច្ចុប្បន្ន ក៏ដូចជាអនាគត ក្នុងចំណោមសមាជិកប្រជាជាតិអាស៊ាន ក៏ដូចជាបណ្តាប្រទេសលើសកលលោក
  • រួមចំណែកលើកស្ទួយជីវភាពរស់នៅ និងសេដ្ឋកិច្ចវប្បធម៌របស់អ្នកសិក្សា ប្រកបដោយសេចក្តីថ្លៃថ្នូរ និងនិរន្តរភាព។

គោលបំណង

  • លើកកម្ពស់ការយល់ដឹងរបស់សមណនិស្សិត-និស្សិត ឱ្យកាន់តែទូលំទូលាយ ស្តីពីសារៈសំខាន់នៃការសិក្សាទ្រឹស្តីអប់រំ ប្រព័ន្ធអប់រំ កម្មវិធីសិក្សា ការគ្រប់គ្រងផ្នែកអប់រំ វិធីសាស្រ្តបង្រៀន ភាពជាអ្នកដឹកនាំ អភិបាលកិច្ច និងវិធីសាស្រ្តវាយតម្លៃផ្អែកលើលទ្ធផលជាក់ស្តែង
  • ពង្រឹងសមត្ថភាពជំនាញរបស់សមណនិស្សិត-និស្សិត ស្របទៅនឹងតម្រូវការទីផ្សារ និងការអភិវឌ្ឍសង្គម ឈរលើមូលដ្ឋានចម្បងៗ នៃការបណ្តុះបណ្តាល រួមមាន៖     បញ្ញាសម្បទា បំនិនសម្បទា និងចរិយាសម្បទា ប្រកបដោយសង្គតិភាព
  • រួមចំណែកលើកកម្ពស់គោលការណ៍អភិបាលកិច្ចគ្រប់គ្រង គុណវុឌ្ឍិសិក្សា និងសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀន ដោយឈរលើមូលដ្ឋាននៃការអប់រំសម្រាប់ទាំងអស់គ្នា និងការអប់រំពេញមួយជីវិត ប្រកបដោយចីរភាព
  • ពង្រឹងសមត្ថភាពសិក្សា និងជំនាញរបស់សមណនិស្សិត-និស្សិត តាមរយៈការអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ ព័ត៌មានវិទ្យា និងសារគមនាគមន៍ (ICT) និងជំនាញទំនាក់ទំនងអន្តរបុគ្គល ស្របតាមកាលៈទេសៈ និងវឌ្ឍនភាពសង្គម
  • បង្កើននូវសមត្ថភាព និងជំនាញផ្នែកគ្រប់គ្រង និងការស្រាវជ្រាវផ្នែកអប់រំ ដល់សមណនិស្សិត-និស្សិត ស្របតាមការអភិវឌ្ឍ និងវឌ្ឍនភាពនៃសង្គមជាតិ សេដ្ឋកិច្ច និងបច្ចេកវិទ្យា។

បរិយាយមុខវិជ្ជា

១. រដ្ឋបាលសង្ឃ

          មុខវិជ្ជានេះបង្ហាញអំពីបញ្ញត្តិរដ្ឋបាលមួយចំនួនដូចជា៖ អត្ថន័យរដ្ឋបាល ទ្រឹស្ដីគ្រប់គ្រងពុទ្ធចក្រ​និងអាណាចក្រ ក្រមសីលធម៌វិជ្ជាជីវៈអ្នកគ្រប់គ្រងពុទ្ធចក្រ និងការអនុវត្តមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងអប់រំវិស័យពុទ្ធចក្រ។

          ការបង្រៀនមុខវិជ្ជារដ្ឋបាលសង្ឃនេះមានគោលបំណងចង់ឱ្យសមណនិស្សិត-និស្សិត៖

  • ចេះរបៀបគិតពិចារណា ទាំងបែបរិះគន់ ទាំងបែបច្នៃប្រឌិតក្នុងការគ្រប់គ្រង
  • ទទួលទ្រឹស្ដីគ្រប់គ្រងដើម្បីយកទៅធ្វើមគ្គុទ្ទេសជីវិត និងអនុវត្តប្រសិទ្ធភាពក្នុងវិជ្ជាជីវៈមានសីលធម៌ល្អ

បន្ទាប់ពីសិក្សាមុខវិជ្ជារដ្ឋបាលសង្ឃចប់សមណនិស្សិត-និស្សិត៖

  • ក្លាយជាអ្នកធ្វើផែនការគ្រប់គ្រងអង្គភាពនានា
  • ក្លាយជាអ្នកគ្រប់គ្រងស្ថាប័នរដ្ឋនិងសាសនា មានស្មារតីទទួលខុសត្រូវ និងជោគជ័យ

ឯកសារយោង

  • ទិន រិទ្ធី រដ្ឋបាលសង្ឃ, ភ្នំពេញ បោះពុម្ពលើកទី១ ឆ្នាំ២០១៦
  • ឈឹង ប៊ុនឈា ប្រៀបធៀបប្រព័ន្ធគ្រប់គ្រងពុទ្ធចក្រ និងអាណាចក្របោះពុម្ពលើកទី១ ឆ្នាំ២០០៨

២. ការអប់រំតាមបែបពុទ្ធសាសនា

          មុខវិជ្ជានេះនឹងបង្ហាញអំពីការអប់រំតាមបែបព្រះពុទ្ធសាសនា ទស្សនៈព្រះពុទ្ធសាសនាស្ដីពីការអប់រំ ការអប់រំវប្បធម៌ពុទ្ធសាសនាខាងទ្រឹស្ដី អប់រំវប្បធម៌ពុទ្ធសាសនាខាងការប្រតិបត្តិ ព្រះពុទ្ធសាសនានិងសិទ្ធិមនុស្ស។

          វត្ថុបំណងនៅក្នុងការសិក្សាមុខវិជ្ជាគឺចង់ឱ្យសមណនិស្សិត-និស្សិត៖

  • ឱ្យយល់ដឹងពីការអប់រំតាមបែបព្រះពុទ្ធសាសនា
  • ឱ្យយល់ដឹងពីការអប់រំពុទ្ធសាសនានិងសង្គម
  • ឱ្យយល់ដឹងពីទស្សនៈអប់រំផ្នែកពុទ្ធចក្រនិងអាណាចក្រ

បន្ទាប់ពីបានសិក្សាមុខវិជ្ជា (ការអប់រំតាមបែបព្រះពុទ្ធសាសនា) សមណនិស្សិត-និស្សិតនឹង៖

  • ក្លាយជាអ្នកមានចំណេះដឹងផ្នែកព្រះពុទ្ធសាសនាក្នុងការអប់រំ
  • ក្លាយជាអ្នកស្រាវជ្រាវផ្នែកពុទ្ធសាសនានិងសង្គម
  • ជាសាស្តាចារ្យមានទេព្យកោសល្យក្នុងការបង្រៀនផ្នែកពុទ្ធសាសនា

ឯកសារយោង

  • វចនានុក្រមខ្មែរ ភាគ១­-២ សម្ដេចព្រះសង្ឃរាជ ជូន ណាត ព.ស.២៤១១ គ.ស.១៩៦៧
  • ប្រជុំកងធម៌ ភាគ១--៣ ព្រះមុនីកោសល ​ហូរ ហាយ
  • ធម្មសង្គហៈ សម្ដេចព្រះពោធិវង្ស ហួត តាត
  • ធម្មនុញ្ញជីវិត ដោយភិក្ខុវោទានា សេង​ សុភ័ណ ព.ស.២៥៤៧ គ.ស.២០០៣
  • ពុទ្ធវិទ្យារឿងបុណ្យ-បាប ភិក្ខុធម្មបាល ព.ស.២៥១០ គ.ស.១៩៦៧
  • បញ្ហាអនាគត ភិក្ខុធម្មបាល ព.ស.២៥០៣ គ.ស.១៩៦១
  • ជីវិតសន្តិភាព ភិក្ខុធម្មបាល ព.ស.២៥១៤ គ.ស.១៩៧០
  • ប្រជាធិបតេយ្យចាស់ទុំ ភិក្ខុធម្មបាល ព.ស.២៥១៦ គ.ស.១៩៧២
  • ព្រះធម្មទេសនា ភិក្ខុធម្មបាល ផ្សាយតាមវិទ្យុជាតិ ៣០ មីនា ១៩៧០
  • ជីវិតតស៊ូ ភិក្ខុធម្មបាល​ ព.ស.២៥១៣ គ.ស.១៩៦៩
  • គំនិតស្រាវជ្រាវ ឬ សាកលចិតន្តា ភិក្ខុធម្មបាល ព.ស.២៥១៦ គ.ស.១៩៧២
  • រូបមន្តនៃជីវិត វិធីសាស្ត្រសាងតម្លៃមនុស្ស ប៊ុន សារ៉ាត់ ព.ស.២៥៥០ គ.ស.២០០៦
  • គតិលោកទាំង ១០ភាគ របស់លោកសុត្តន្តប្រីជាឥន្ទ ពុទ្ធសាសនបណ្ឌិត្យ
  • ព្រះត្រៃបិដក ជាភាសាខ្មែរ ផ្នែកព្រះសូត្រ
  • ទស្សនវិជ្ជាព្រះពុទ្ធសាសនា ព្រះមហាវិរិយបណ្ឌិតោ ប៉ាង ខាត់ ពុទ្ធសាសនបណ្ឌិត្យ ១៩៥៧
  • ព្រះបាទធម្មិក ភិក្ខុ ហេង មុនីចិន្តា ឆ្នាំ១៩៩៥
  • សិក្ខាបទមនុស្សល្អ អគ្គបណ្ឌិត ប៊ុត សាវង្ស ព.ស.២៥៤៥ គ.ស.២០០២
  • ពុទ្ធិលទ្ធិវិទ្យាស្ថានមជ្ឈមណ្ឌលសិទ្ធិមនុស្ស “យសហុត”
  • សុត្តន្តបិដក ទីឃនិកាយ សិង្គាលកសូត្រ ទី៨ ភាកទី១៩
  • សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយភាគ ៤១
  • ព្រះពុទ្ធសាសនានិងសិទ្ធមនុស្ស ស៊ិន សុវណ្ណនិ ព.ស.២៥៥៧
  • មនុស្ស១ និងលោក១ ស៊ិន សុវណ្ណនិ ព.ស.២៥៥៧
  • លទ្ធិពុទ្ធសាសនា និង លទ្ធិប្រជាធិបតេយ្យ ស៊ិន សុវណ្ណនិ ព.ស.២៥៥៧
  • ឯកសារអាន

៣. ពុទ្ធសាសនានិងលទ្ធិសាសនាសហសម័យ

          មុខវិជ្ជានេះនឹងបង្ហាញអំពីពុទ្ធសាសនា សម័យបុរាណ និងសម័យទំនើប និងលទ្ធិសាសនាសម័យបុរាណនិងសម័យទំនើប ដែលបង្ហាញអំពីការគោរពប្រតិបត្តិតាមបវេណីពុទ្ធសាសនា។

          វត្ថុបំណងនៃការសិក្សាលើមុខវិជ្ជានេះគឺចង់ឱ្យសមណនិស្សិត-និស្សិត៖

  • ចេះពិចារណាអំពីលទ្ធិពុទ្ធសាសនា និងសាសនាផ្សេងៗ
  • ទទួលបានលទ្ធិនៃសាសនាព្រះពុទ្ធសម័យបុរាណ និងលទ្ធិសាសនាសម័យទំនើប
  • មានសីលធម៌ និងគុណធម៌ល្អ

បន្ទាប់ពីបានសិក្សាមុខវិជ្ជានេះហើយ សមណនិស្សិត-និស្សិតនឹង៖

  • ក្លាយជាអ្នកអប់រំផ្នែកពុទ្ធសាសនា
  • ក្លាយជាអ្នកស្រាវជ្រាវផ្នែកព្រះពុទ្ធសាសនា
  • ជាអ្នកគោរពព្រះពុទ្ធសាសនាច្បាស់លាស់

ឯកសារយោង

  • សម្តេចព្រះសង្ឃរាជ ជួន ណាត វចនានុក្រមខ្មែរ ព.ស.២៥១២ គ.ស.១៩៦៧ ទំព័រ៧៦៧
  • ធម្មបាល ខៀវ ជុំ សកចិន្តា ព.ស.២៥១៦ គ.ស.១៩៧២
  • ត្រង ហៀង ព្រះពុទ្ធសាសនា តាមទស្សនៈអ្នកប្រាជ្ញ ឆ្នាំ២០០៣
  • សុង ស៊ីវ ព្រះពុទ្ធសាសនា និង វិទ្យាសាស្ត្រ ឆ្នាំ១៩៦៩
  • សុង ស៊ីវ ព្រះពុទ្ធសាសនា និង វិទ្យាសាស្ត្រ ឆ្នាំ១៩៧២
  • ប៉ាង ខាត់ ព្រះពុទ្ធសាសនាដូចម្ដេច? ព.ស.២៥១៥ គ.ស.១៩៧០
  • គេហទំព័រពុទ្ធសាសនា ៥០០០ឆ្នាំ ពុទ្ធសាសនានិងដែនសុវណ្ណភូមិ ឆ្នាំ២០១២
  • បណ្ឌិត ខ្លួត ធីតា ពុទ្ធសាសនាថេរវាទ និង អាចរិយវាទ ឆ្នាំ២០០២
  • www.5000years.org “ព្រះពុទ្ធសាសនាថេរវាទ” ឆ្នាំ២០១២
  • មីញ ណាគ្រី សាសនាជាអ្វី? ព.ស.២៤៩១ គ.ស.១៩៥១
  • គេហទំព័រព្រះពុទ្ធសាសនាខ្មែរ www.Khmerworldbuddhism.com
  • ព្រះពុទ្ធសាសនានៅកម្ពុជាសង្ខេប បោះពុម្ពលើកទី២ គ.ស.១៩៧០
  • អរិយធម៌ខ្មែរ អ្នកស្រី ត្រឹង ងា បោះពុម្ពនៅឆ្នាំ ១៩៧៣
  • សន្និសីទអន្តរជាតិពុទ្ធសាសនានៅអាស៊ីអាគ្នេយ៍ ព.ស.២៥៥៤ គ.ស.២០១០
  • តួនាទីភារកិច្ច ព្រះមេគណ ព្រះអនុណ ព្រះចៅអធិការ
  • ធម្មបាល ខៀវ ជុំ សកលចិន្តា ព.ស.២៥១៦ គ.ស.១៩៧២
  • សុង ស៊ីវ ព្រះពុទ្ធសាសនា និង វិទ្យាសាស្ត្រ ឆ្នាំ១៩៦៩
  • បណ្ឌិត ខ្លួត ធីតា ស្មារតីខ្មែរ​ និង ព្រះពុទ្ធសាសនា ឆ្នាំ២០០៨

៤. ភាសាអង់គ្លេសសម្រាប់បច្ចេកសព្ទអប់រំ

          កម្មវិធីសិក្សា ស្ដីពីបច្ចេកសព្ទអប់រំសម្រាប់បណ្ដុះបណ្ដាលសមណនិស្សិត-និសិ្សត និងសិក្ខាកាមនៅគ្រប់កម្រិតសិក្សា គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីឆ្លុះបញ្ចាំងលើការគ្រប់គ្រងបែបវិមជ្ឈការ (Decentralized System) ដើម្បីធានាឱ្យអង្គភាពមួយមាននិរន្តរភាពដូចបណ្ដាប្រទេសនានានៅលើពិភពលោក។ យ័ន្តការនៃកម្មវិធីសិក្សាសម្រាប់បណ្ដុះបណ្ដាលត្រូវបានបែងចែកដូចមានចែងក្នុងខ្លឹមសារខាងក្រោម។

          វត្ថុបំណងនៅក្នុងការសិក្សាមុខវិជ្ជានេះគឺចង់ឱ្យនិស្សិត៖

  • យល់ដឹងពីប្រវត្តិ និយមន័យ និងប្រភេទនៃការអប់រំនៅក្នុងពិភពលោកដូចជាក្នុងប្រទេសកម្ពុជា
  • យល់ដឹងពីបញ្ញត្តិអប់រំតតាមរយៈបច្ចេកសព្ទនានាក្នុងវិស័យអប់រំ
  • យល់ដឹងពីបច្ចេកសព្ទធនធាននានាក្នុងសាលារៀន ការអភិវឌ្ឍបុគ្គលិក ការលើកទឹកចិត្ត ការគ្រប់គ្រងទំនាស់ផ្សេងៗក្នុងអង្គភាពព្រមទាំងការគ្រប់គ្រងការបង្រៀន និងរៀន

បំណិន (Skill)

  • ចេះប្រើប្រាស់បញ្ញត្តិអប់រំតាមរយៈភាសាអង់គ្លេសក្នុងវិស័យអប់រំ ប្រកបដោយប្រសិទ្ធភាពខ្ពស់
  • ចេះស្រាវជ្រាវពីការងារអប់រំនៅគ្រប់កម្រិតសិក្សា
  • នឹងក្លាយជាអ្នកចេះប្រើប្រាស់ភាសាអង់គ្លេសតាមបច្ចេកសព្ទអប់រំ ក្នុងអង្គភាពបានយ៉ាងល្អប្រសើទៀតផង

ឥរិយាបទ (Attitudes)

  • មានមនសិការថ្លៃថ្នូរ និងសីលធម៌ខ្ពង់ខ្ពស់ក្នុងការដឹងនាំស្ថាប័នបណ្ដុះបណ្ដាលនានាប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ

ឯកសារយោង

  • ការគ្រប់គ្រងអប់រំ ក្រសួងអប់រំ ឆ្នាំ២០០៨
  • រដ្ឋបាលអប់រំ​ ក្រសួងអប់រំ ឆ្នាំ២០០៨
  • តួនាទី និង ភារកិច្ចនាយក ក្រសួងអប់រំ ឆ្នាំ២០១០
  • ផែនការចំណាយប្រចាំឆ្នាំ ក្រសួងអប់រំ ឆ្នាំ២០១៣
  • គ្រប់គ្រងធនធានក្នុងវិស័យអប់រំ យូណេស្កូ ឆ្នាំ២០១៥

៥. រដ្ឋបាលអប់រំ

          ខ្លឹមសារសង្ខេបនៃមុខវិជ្ជានេះគឺ៖

  • រដ្ឋបាលអប់រំមានតួនាទីសំខាន់សម្រាប់ដំណើរការរបស់ស្ថាប័ន ឬអង្គភាព
  • ការតាក់តែងលិខិតរដ្ឋបាល
  • រដ្ឋបាលអប់រំអាចជួយសម្រួលដល់ការគ្រប់គ្រងឯកសារ និង ធ្វើការងារស្ថាប័នមានភាពរលួន

វត្ថុបំណងនៃការសិក្សាមុខវិជ្ជានេះគឺចង់ឱ្យនិស្សិត៖

  • បកស្រាយយ៉ាងច្បាស់អំពីពាក្យថា រដ្ឋបាលអប់រំ
  • អាចសរសេរលិខិតរដ្ឋបាល និងយល់ដឹងពីការប្រើប្រាស់ពាក្យពេចន៍ក្នុងលិខិត
  • យល់ដឹងពីកិច្ចការរដ្ឋបាលរបស់ស្ថាប័ន ឬអង្គភាពមួយ

ឯកសារយោង

  • លោក ពត​ សុត “នីតិរដ្ឋបាលអប់រំ ប្រព័ន្ធអប់រំ លិខិតបទដ្ឋាននានា ទ្រឹស្ដីការគ្រប់គ្រង អភិបាលកិច្ចល្អ” វិជ្ជាស្ថានជាតិអប់រំ ឆ្នាំ២០១៣-២០១៤
  • រ័ត្ន សម្បត្តិ “កិច្ចការរដ្ឋបាលអប់រំ” ភ្នំពេញ ឆ្នាំ២០១១
  • នាយកដ្ឋានរដ្ឋបាល នៃក្រសួងអប់រំ យុវជន និងកីឡា, ឯកសារស្ដីពីការរដ្ឋបាលគ្រប់គ្រងអប់រំ
  • នាយកដ្ឋានរដ្ឋបាលនៃក្រសួង អប់រំ យុវជន និង កីឡា, ឯកសារស្ដីពីការគ្រប់គ្រង និង រក្សាបណ្ណសារ
  • នាយកបណ្ដុះបណ្ដាល និងវិក្រឹត្យការ ឯកសារស្ដីពី ការគ្រប់គ្រង រដ្ឋបាលសម្រាប់ការបំប៉ននាយកសាលារៀនបឋមសិក្សា និងមធ្យមសិក្សា ឆ្នាំ២០០៩
  • សៀវភៅរដ្ឋបាលអប់រំ

៦. គ្រប់គ្រងអប់រំ

          ខ្លឹមសារសង្ខេបមុខវិជ្ជាកម្មវិធីសិក្សា ស្ដីពីការគ្រប់គ្រងអប់រំសម្រាប់បណ្ដុះបណ្ដាលសមណនិស្សិត-និស្សិត និងសិក្ខាកាមគ្រប់កម្រិតសិក្សា គឺពិតជាមានសារៈសំខាន់ណាស់ដើម្បីឆ្លុះបញ្ចាំងលើការគ្រប់គ្រងបែបវិមជ្ឈការ (Decentralized System) ដើម្បីធានាឱ្យអង្គភាពមួយមាននិរន្តរភាពដូចបណ្ដាប្រទេសនានានៅលើពិភពលោក។ យន្តការនៃកម្មវិធីសិក្សាសម្រាប់បណ្ដុះបណ្ដាលត្រូវបានបែងចែកដូចមានចែងក្នុងខ្លឹមសារខាងក្រោម។

          វត្ថុបំណងនៃការសិក្សាមុខវិជ្ជានេះ គឺបណ្ដុះបណ្ដាលសមនិស្សិត-និស្សិត និងសិក្ខាកាមគ្រប់កម្រិតសិក្សា៖

      

Secure រក្សាសិទ្ធិ© គ្រប់យ៉ាងដោយ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ព.ស.២៥៦៨ គ.ស.២០២៤