តាងនាមឱ្យគណៈគ្រប់គ្រង ខ្ញុំព្រះករុណា អាត្មាភាព ព្រះយសបញ្ញា វី សុវិជ្ជា ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង មាន កិត្តិយសសូមប្រគេន និង ជូនដំណឹងចំពោះសមណសិស្ស សិស្ស សមណនិស្សិត និស្សិត លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ និង អាណាព្យាបាលទាំងអស់ ឱ្យបានជ្រាបថា នាបវេសនកាលឆ្នាំសិក្សា២០២១-២០២២ នេះ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង នឹងប្រឡងជ្រើសរើស សមណនិស្សិត និស្សិតចូលរៀនថ្នាក់បរិញ្ញាបត្រ លើឯកទេសចំនួន ៨ រួមមាន៖
ឯកទេសៈ ទស្សនវិជ្ជាពុទ្ធសាសនា
ឯកទេសៈ ច្បាប់
ឯកទេសៈ គ្រប់គ្រងទូទៅ
ឯកទេសៈ អក្សរសាស្ត្រអង់គ្លេស
ឯកទេសៈ សង្គមវិជ្ជា
ឯកទេសៈ រដ្ឋបាលអប់រំ
ឯកទេសៈ អក្សរសាស្ត្រខ្មែរ
ឯកទេសៈ ភាសាបាលី
គ្រប់ឯកទេសទាំងអស់នេះ ពិតជាផ្តល់នូវបទពិសោធ ជំនាញ ចំណេះដឹង និង ក្រមសីលធម៌ក្នុងការរួមចំណែកអភិវឌ្ឍសង្គមឱ្យមានភាពរីកចម្រើន លើគ្រប់វិស័យយ៉ាងពិតប្រាកដ ។
នេះជាឱកាសដ៏ពិសេសសម្រាប់ព្រះករុណាគ្រប់ព្រះអង្គ សិស្ស និស្សិត ដែលមានសមត្ថភាព តែខ្វះលទ្ធភាពក្នុង ការបង់ថ្លៃសិក្សានៅសាកលវិទ្យាល័យនានា អាចនិមន្ត និង អញ្ជើញមកសិក្សានៅទីនេះបាន ។ មិនត្រឹមតែប៉ុណ្ណោះ សាខាពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ ខេត្តបាត់ដំបង ឈរលើគោលការណ៍បណ្តុះបណ្តាលចំណេះដឹង ជំនាញនិងបំណិនពិតប្រាកដ ទាំងផ្លូវលោកនិងផ្លូវធម៌ប្រកបដោយ ឧត្តមភាពខ្ពស់និងមិនប្រកាន់ឋានៈ ជាតិសាសន៍ ពណ៌សម្បុរ ជំនឿសាសនាឡើយ។ គោលបំណងដ៏សំខាន់របស់យើង គឺចង់ឃើញសមណនិស្សិត និស្សិត លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ ក្លាយជាបញ្ញាវ័ន្ត ដ៏មានសក្តានុពលសម្រាប់ការកសាងប្រទេសជាតិ សង្គម គ្រួសារ ទទួលបានសុខសន្តិភាព ទាំងផ្លូវកាយ ផ្លូវចិត្តនិងការអភិវឌ្ឍប្រកបដោយចីរកាល ។ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង មានលក្ខណៈវិសេស ដូច ខាងក្រោម៖
-ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ ទទួលស្គាល់គុណភាពអប់រំពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនសកម្ពុជា (ACC)
-មិនស្វែងរកប្រាក់ចំណូល
-ជំនាញស្របនឹងទីផ្សារការងារយូរអង្វែង
-មានវិន័យល្អក្នុងការសិក្សា
-មានបន្ទប់សិក្សាធំទូលាយ និង បំពាក់ដោយគ្រឿងសិក្ខូបករណ៍ទំនើបទាន់សម័យ
-មានអ៊ីនធើណិត និង ឯកសារស្រាវជ្រាវសំបូរបែប
-មានការគាំទ្រពេញទំហឹងពីសាមីក្រសួង និង ស្ថាប័នពាក់ព័ន្ធ
-មានការឧបត្តម្ភគាំទ្រពីពុទ្ធបរិស័ទ និង សប្បុរសជន ក្នុង និងក្រៅប្រទេស
-មានកិច្ចសហប្រតិបត្តិការដៃគូជាមួយសាកលវិទ្យាល័យ អង្គការ និង សមាគមន៍នានា ទាំងក្នុង និង ក្រៅប្រទេស
-មានបណ្ណាល័យធំទូលាយ និង មានឯកសារសំបូរបែបងាយស្រួលក្នុងការស្រាវជ្រាវ
គណៈគ្រប់គ្រងយើងបានតាំងចិត្តប្តេជ្ញាប្រកបដោយការទទួលខុសត្រូវខ្ពស់គឺ
-អភិវឌ្ឍកម្មវិធីសិក្សាឱ្យកាន់តែទំនើប
-មានសាស្ត្រាចារ្យតាមជំនាញដែលមានបទពិសោធ និង និយាមគរុគោសល្យ
-ពង្រឹងសមត្ថភាពការគ្រប់គ្រង និង សេវាកម្មសម្រាប់សមណនិស្សិត និស្សិតឱ្យកាន់ តែប្រសើរ
-បង្កើតកម្មវិធីបន្ថែមលើចំណេះដឹង តាមរយៈការធ្វើបទបង្ហាញ សិក្ខាសាលា ទស្សនកិច្ចសិក្សា និង កម្មវិធីប្រកួតប្រជែងសមណនិស្សិត និស្សិតឆ្នើម ។
-បង្កើតឱ្យមានកម្មសិក្សាស្រាវជ្រាវបែបពុទ្ធិសាកល និង ទ្រឹស្តីអនុវត្តន៍
អាស្រ័យហេតុនេះ សូមសមណសិស្ស សិស្ស សមណនិស្សិត និស្សិត លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ មេត្តានិមន្តនិងអញ្ជើញមកចុះឈ្មោះប្រឡងចូល រៀន កុំឱ្យឱកាសដ៏ល្អ នេះកន្លងផុតទៅ ។ ម្យ៉ាងវិញទៀត សូមអាណាព្យាបាលរបស់បុត្តធីតាគ្រប់រូប ដែលពុំមាន លទ្ធភាពបង់ថ្លៃសិក្សា សូមបញ្ជូន កូនមកចុះឈ្មោះ ប្រឡងចូលរៀននៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង កុំបីខានឡើយ ។
ខ្ញុំព្រះករុណា អាត្មាភាព សូមប្រគេនពរនិងជូនពរចំពោះ ព្រះថេរានុថេរៈ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និង ប្អូនៗ សិស្សានុសិស្សឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ច ព្រមទាំងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរព្រះគុណ សូមអរគុណ!!!
កំពុងអានសុន្ទរកថាក្នុងពិធីអបអរសាទរការបញ្ចប់ថ្នាក់ក្រោយបណ្ឌិត របស់ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត